(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកានេះបាននិយាយថាបាឡុងមួយរបស់ចិនត្រូវបានប្រទះឃើញនៅលើដែនសមុទ្រស្ថិតនៅភាគខាងជើងនៃកោះតៃវ៉ាន់ ហើយនេះជា លើកដំបូងចាប់តាំងពីខែមេសាមក ដែលតៃវ៉ាន់រាយការណ៍ពីវត្តមានបាឡុងចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសន្និសីទសារព័ត៌មានមួយស្ដីពីការធ្វើបច្ចុប្បន្នភាពនៃសកម្មភាពយោធារបស់ចិនក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ថាបាឡុងមួយគ្រឿង ត្រូវបានប្រទះឃើញនៅម៉ោង ៦៖២១នាទីព្រឹក កាលពីថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា នៅចម្ងាយ១១១គីឡូម៉ែត្រពីកំពង់ផែ Keelung នៃភាគខាងជើងកោះតៃវ៉ាន់។ ក្រសួងបន្ថែមថាបាឡុងនេះ បានហោះក្នុងរយៈកម្ពស់ ១០ ០០០ម៉ែត្រ តែមិនបានហោះឆ្លងកាត់តៃវ៉ាន់នោះទេ និងបានបាត់ខ្លួននៅ២ម៉ោងក្រោយ។ ចំណែកខាងក្រសួងការពារជាតិចិនមិនបានបញ្ចេញប្រតិកម្មអ្វី ចំពោះ ការអះអាងរបស់ក្រសួងការពារជាតិតៃវ៉ាន់ ឡើយ។
គួរបញ្ជាក់ថា កន្លងមក ចិនបានច្រានចោលការតវ៉ារបស់តៃវ៉ាន់ ដោយអះអាងថាបាឡុងរបស់ខ្លួនគឺជាបាឡុងឧតុនិយមធម្មតា ដែលមិនគួរត្រូវបានគេបំប៉ោងព័ត៌មានសម្រាប់បម្រើហេតុផល នយោបាយនោះទេ៕