(មូស្គូ)៖ សេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានឱ្យដឹងថា កងកម្លាំងរុស្ស៉ីចាប់បានទាហានស៊ីឈ្នួល ជនជាតិអង់គ្លេសម្នាក់ ដែលកំពុងប្រយុទ្ធក្នុងនាមជាកងទ័ពអ៊ុយក្រែន នៅឯតំបន់ Kursk របស់រុស្ស៉ី ដែលផ្នែកខ្លះគ្រប់គ្រងដោយកងកម្លាំងទីក្រុងកៀវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ផ្អែកលើប្រភពពីកងកម្លាំងសន្តិសុខរុស្ស៉ី RIA បានចេញផ្សាយដូច្នេះថា «ទាហានស៉ីឈ្នួលម្នាក់ មកពីចក្រភពអង់គ្លេស ដែលហៅខ្លួនឯងថា James Scott Rhys Anderson ត្រូវចាប់បាន ហើយឥលូវនេះកំពុងផ្តល់ភស្តុតាង»។ តាមវីដេអូមួយ បង្ហោះលើគណនីតេឡេក្រាមគាំទ្រសង្គ្រាមរបស់រុស្ស៉ី បុរសមានពុកចង្ការម្នាក់ ស្លៀកសម្លៀកបំពាក់យោធាជា ហើយដៃរបស់គាត់ដូចជាត្រូវគេចងទៅក្រោយ បាននិយាយជាភាសាអង់គ្លេសថា គាត់ឈ្មោះ James Scott Rhys Anderson ហើយថាធ្លាប់បម្រើការក្នុងជួរកងទ័ពអង់គ្លេស។
ប៉ុន្តែ Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះ ដោយឯករាជ្យបានទេ ខណៈក្រសួងការបរទេសអង់គ្លេស នៅមិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយ។ ថ្មីៗនេះ សារព័ត៌មាន BBC បានរាយការណ៍ ក្រសួងការបរទេសអង់គ្លេស បានជួយដល់គ្រួសារបុរសជនជាតិអង់គ្លេសម្នាក់ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីការឃុំខ្លួនគាត់៕