(ប៉ារីស)៖ កាលពីចុងសប្តាហ៍កន្លងទៅនេះ មនុស្សរាប់ម៉ឺននាក់ បាននាំគ្នាចេញធ្វើបាតុកម្មតាមដងផ្លូវ នៅទូទាំងប្រទេសបារាំង ដើម្បីប្រឆាំងនឹង​អំពើហិង្សាផ្លូវភេទ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Aljazeera នាថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

កាសែតបារាំង Le Monde បានរាយការណ៍ថា មនុស្សសរុបប្រមាណ ៨០ ០០០នាក់ បានចូលរួមការដង្ហែក្បួនធ្វើបាតុកម្ម នៅរដ្ឋធានីប៉ារីស ហើយមិនតែប៉ុណ្ណោះ ក៏មានមនុស្សរាប់ពាន់នាក់ នាំគ្នាចេញធ្វើបាតុកម្ម នៅតាមបណ្តាទីក្រុងតូចៗដទៃទៀត ពាសពេញប្រទេសផងដែរ។ ក្រុមអ្នកតវ៉ា បានកាន់បដាដែលមានខ្លឹមសាររិះគន់ ចំពោះអំពើហិង្សាដោយផ្អែកលើភេទ និងការពារសិទ្ធិបន្តពូជរបស់ស្រ្តី។ សកម្មភាពបាតុកម្មខាងលើ ត្រូវបានធ្វើឡើង ក្នុងឱកាសទិវាអន្តរជាតិ ដើម្បីការលុបបំបាត់អំពើហិង្សាប្រឆាំងស្រ្តីភេទ។

គួរបញ្ជាក់ថា ក្រុមអ្នកចូលរួមការធ្វើបាតុកម្ម ថែមទាំងបានបង្ហាញក្តីបារម្ភ អំពីលទ្ធភាពដើរថយក្រោយនៃស្រ្តីទៀតផង នៅឯសហរដ្ឋអាមេរិក នៅពេល​ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ត្រឡប់មកកាន់អំណាចសាជាថ្មី ជាពិសេសពាក់ព័ន្ធសិទ្ធិរំលូតកូន។ នៅប្រទេសបារាំង សិទ្ធិរំលូតកូន ត្រូវបានដាក់បញ្ជូលទៅក្នុងរដ្ឋធម្មនុញ្ញ កាលពីមីនា ឆ្នាំ២០២៤នេះ។ ក្រុមអ្នកតវ៉ា ក៏បានសម្តែង​សាមគ្គីភាពផងដែរ ជាមួយស្រ្តីឈ្មោះ Gisele Pelicot ដែលអតីតប្តីរបស់លោកស្រី ឈ្មោះ Dominique Pelicot និងសហចុងចោទ៥០នាក់ទៀត កំពុងស្ថិតក្នុងដំណើរការជំនុំជម្រះក្តី ជុំវិញការចោទប្រកាន់ថា បុរសទាំងនោះ បានដាក់ថ្នាំហើយ​រំលោភលោកស្រី ពេលលោកស្រីមិនដឹងខ្លួន អស់រយៈពេលរហូតដល់១ទសវត្សរ៍៕