(វីលនីញូស)៖ អាជ្ញាធរនៅក្នុងប្រទេសលីទុយអានី បានឱ្យដឹងថា យន្តហោះដឹកទំនិញ DHL មួយគ្រឿង បានធ្លាក់នៅក្បែរអាកាសយានដ្ឋាន Vilnius កាលពីព្រឹកថ្ងៃចន្ទនេះ ជាហេតុបណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត និង២នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
អ្នកនាំពាក្យនៃមជ្ឈមណ្ឌលគ្រប់គ្រងវិបត្តិជាតិ របស់រដ្ឋាភិបាលលីទុយអានី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះខាងលើ ធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ SWIFT ជំនួសមុខឱ្យក្រុមហ៊ុនដឹកជញ្ជូន DHL ខណៈយន្តហោះនោះ មានគោលដៅហោះហើរចេញមកពីទីក្រុង Leipzig នៃប្រទេសអាល្លឺម៉ង់។
គួរបញ្ជាក់ថា យន្តហោះ DHL នោះ ត្រូវចុះចតនៅព្រលានយន្តហោះ Vilnius ប៉ុន្តែក៏ស្រាប់តែបានធ្លាក់ នៅចម្ងាយត្រឹមតែប៉ុន្មានគីឡូម៉ែត្រពីព្រលានយន្តហោះ លើលំនៅដ្ឋានមួយខ្នង ប៉ុន្តែមនុស្សទាំងអស់ ដែលនៅក្នុងផ្ទះមួយ បានរួចរស់ជីវិត ខណៈមនុស្សម្នាក់ ក្នុងចំណោម៤នាក់ ដែលស្ថិតនៅលើយន្តហោះ បានស្លាប់៕