(បាងកក)៖ ប៉ូលិសបានឱ្យដឹងថា ទីអារាមមួយក្នុងប្រទេសថៃ កំពុងស្ថិតក្រោមការស៉ើបអង្កេត បន្ទាប់ពីអាជ្ញាធររកឃើញ សាកសពមនុស្ស ៤១នាក់ ដែលត្រូវបានគេចោទប្រកាន់ថា ប្រើប្រាស់សម្រាប់ការធ្វើសមាធិ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤។

មន្រ្តីប៉ូលិសជាន់ខ្ពស់ម្នាក់ប្រាប់ AFP ដោយមិនបញ្ចេញឈ្មោះថា សាកសព​មនុស្សចំនួន​ ៤១​នាក់ ត្រូវ​បាន​រក​ឃើញ​នៅ​វត្ត Pa Nakhon Chaibovorn ក្នុង​ខេត្ត Phichit កាល​ពី​ថ្ងៃ​សៅរ៍កន្លងទៅ។ សាកសព​ទាំងនោះ មានភ្ជាប់​ជាមួយ​លិខិត​បញ្ជាក់​មរណភាព​ និង​ការ​បរិច្ចាគ​។ ពេលនេះប៉ូលិស កំពុងស្រាវជ្រាវរកសាច់ញាតិ ដើម្បីបញ្ជាក់ថា នេះជាការបរិច្ចាគដោយឆន្ទៈ និងគ្មានករណីលួចយកសាកសព។

ព្រះមេគុណខេត្ត Phichit ព្រះគ្រូ Saifon Phandito បានប្រាប់ទូរទស្សន៍ Thai PBS ថា ការប្រើប្រាស់សាកសព គឺជាផ្នែកមួយនៃ «បច្ចេកទេសសមាធិ» ដែលព្រះអង្គបង្កើតឡើង។ អ្នក​មក​រៀន​ភាគច្រើន​គឺ​ជា​អាចារ្យ និង​​ព្រះសង្ឃ។ អ្នកមករៀនត្រូវសមាធិក្នុង​ពន្លា​ ដែល​ដាក់​មឈូស​ជាមួយនិងសព​នៅក្នុងនោះ។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ថៃ ការចុះស្រាវជ្រាវនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប៉ូលិសរកឃើញ សាកសពមនុស្ស ១២នាក់ នៅវត្តមួយផ្សេងទៀត ក្នុងខេត្ត Kamphaeng Phet ដែលនៅជាប់នឹងខេត្ត Phichit នេះកាលពីថ្ងៃពុធ។ ប៉ូលិសខេត្ត Phichit ថាកំពុងធ្វើការជាមួយអាជ្ញាធរខេត្តផ្សេងទៀត ដើម្បីស៉ើបអង្កេតថាតើការអនុវត្តនេះ រីកសាយភាយដល់កម្រិតណា៕