(រ៉ូម)៖ នៅថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកានេះ រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេស G7 កំពុងជួបប្រជុំគ្នានៅក្បែរទីក្រុង Rome សម្រាប់កិច្ចពិភាក្សារយៈពេលពីរថ្ងៃ ជុំវិញបញ្ហានៅមជ្ឈិមបូព៌ា ជាមួយសមភាគីក្នុងតំបន់ មុនចូលដល់បញ្ហារុស្ស៉ី និងសង្រ្គាមអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រសួងការបរទេសអ៉ីតាលី បានឱ្យដឹងថា រដ្ឋមន្រ្តី G7 ក៏នឹងជជែកអំពីដីកាចាប់ខ្លួន លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល Benjamin Netanyahu និងមេដឹកនាំក្រុមហាម៉ាសរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ផងដែរ រួមទាំងផលប៉ះពាល់ ដែលអាចកើតមាន ពីវិបត្តិបច្ចុប្បន្ន នៅឯលីបង់ និងហ្កាហ្សា។ លោក Antony Blinken រដ្ឋមន្រ្តីការបរទេសអាមេរិក នឹងចូលរួមកិច្ចពិភាក្សានៅសហគមន៍ Fiuggi និង Anagni រួមជាមួយរដ្ឋមន្រ្តីមកពីប្រទេស G7 ផ្សេងទៀតដូចជា ចក្រភពអង់គ្លេស កាណាដា អាល្លឺម៉ង់ បារាំង ជប៉ុនជាដើម ដោយមានលោក Antonio Tajani អនុប្រធានាធិបតីអ៉ីតាលី ទទួលដឹកនាំកិច្ចប្រជុំ។

សម័យប្រជុំដំបូងនៅល្ងាចថ្ងៃចន្ទនេះ ផ្តោតលើស្ថានភាពតំបន់មជ្ឈិមបូព៌ា សមុទ្រក្រហម ជាពិសេសការឈានទៅសម្រេចបាន កិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សា និងលីបង់។ ក្នុងនោះចូលរួមដោយ រដ្ឋមន្រ្តីមកពីអារ៉ាប៊ីសាអូឌីត អេហ្ស៉ីប ហ៊្សកដានី អេមីរ៉ាត់អារ៉ាប់រួម និងកាតា ក៏ដូចជាអគ្គលេខាធិការនៃសម្ព័ន្ធអារ៉ាប់។ នៅថ្ងៃបន្ទាប់ កិច្ចពិភាក្សានឹងផ្តោតលើសង្រ្គាមអ៊ុយក្រែន ដែលរដ្ឋមន្រ្តីការបរទេស លោក Andriy Sybiga ក៏មកចូលរួមដែរ។ ក្រុមមន្រ្តី នឹងរកវិធីសាស្រ្តដើម្បីបន្ត ការគាំទ្រសម្រាប់ទីក្រុងកៀវ ទស្សនវិស័យសន្តិភាព និងគំនិតផ្តួចផ្តើមកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។

គួរបញ្ជាក់ថា អំឡុងពេលដូចគ្នានេះ នៅឯទីក្រុងព្រុចសែល ឯកអគ្គរដ្ឋទូតមកពីប្រទេសសមាជិកអង្គការណាតូ និងអ៊ុយក្រែន​ ត្រូវរៀបចំកិច្ចពិភាក្សាគ្នា ជុំវិញការបាញ់សាកល្បងមីស៉ីលរយៈចម្ងាយមធ្យម ល្បឿនលឿនជាងសំលេងរបស់រុស្ស៉ី៕