(ម៉ានីល)៖ ក្រសួងយុត្តិធម៌នៃប្រទេសហ្វីលីពីន នាថ្ងៃចន្ទនេះ បានចាត់ទុក អនុប្រធានាធិបតី លោកស្រី Sara Duterte ជាមេខ្លោង នៃគម្រោងធ្វើឃាតប្រធានាធិបតី លោក Ferdinand Marcos ដោយទុកពេលឱ្យលោកស្រីចំនួន៥ថ្ងៃ ដើម្បីឆ្លើយតបចំពោះដីកាកោះហៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
ការកោះហៅខាងលើធ្វើឡើង បន្ទាប់ពីអំឡុងសន្និសីទសារព័ត៌មានចម្រូងចម្រាសមួយ កាលពីចុងសប្តាហ៍កន្លងទៅ លោកស្រី Sara Duterte បាននិយាយថា លោកស្រីបានបង្គាប់ឱ្យមានការធ្វើឃាត លោក Marcos ប្រសិនបើលោកស្រីផ្ទាល់ ត្រូវបានគេសម្លាប់។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នាថ្ងៃចន្ទនេះ អនុរដ្ឋមន្រ្តីយុត្តិធម៌ហ្វីលីពីន លោក Jesse Andres បាននិយាយយ៉ាងដូច្នេះថា «រដ្ឋាភិបាលកំពុងចាត់វិធានការ ដើម្បីការពារប្រធានាធិបតីស្របច្បាប់របស់យើង។ ផែនការគិតទុកជាមុន ដើម្បីធ្វើឃាតលោកប្រធានាធិបតី ប្រកាសដោយមេខ្លោងដែលបានសារភាពខ្លួនឯងផ្ទាល់នេះ ឥឡូវនឹងត្រូវប្រឈមមុខ ជាមួយផលវិបាកតាមផ្លូវច្បាប់»។
អំឡុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោកស្រី Sarah Duterte បានអះអាងថា ខ្លួនលោកស្រីផ្ទាល់ គឺស្ថិតក្រោមហានិភ័យនៃគម្រោងប៉ុនប៉ងធ្វើឃាត ហើយបានណែនាំឱ្យសមាជិកនៃកងការពាររបស់ស្រី សម្លាប់លោក Marcos ប្រសិនបើគម្រោងធ្វើឃាតលើលោកស្រី ប្រព្រឹត្តទៅបានសម្រេច។ មិនតែប៉ុណ្ណោះ លោកស្រី Sarah Duterte ក៏បានកំណត់បុគ្គល២នាក់ទៀត ជាគោលដៅផងដែរ គឺភរិយាលោក Marcos លោកស្រី Liza Araneta-Marcos និងបងប្អូនជីដូនមួយរបស់លោក Marcos គឺលោក Martin Romualdez ដែលជាប្រធានរដ្ឋសភា។
ថ្លែងជាលើកដំបូង ពាក់ព័ន្ធសម្តីរបស់លោកស្រី Sarah Duterte លោក Ferdinand Marcos បានប្តេជ្ញាតតាំងចំពោះមុខ ការគំរាមកំហែងគួរឱ្យបារម្ភនេះ និងបានបន្ថែមថា សកម្មភាពប៉ុនប៉ងខុសច្បាប់បែបនេះ ដាច់ខាតមិនត្រូវមើលរំលងឡើយ ហើយក្នុងនាមជាប្រទេសប្រជាធិបតេយ្យ គឺច្បាប់ត្រូវតែអនុវត្ត។ ដោយឡែក បើតាមលោក Andres ប្រតិបត្តិការតាមប្រមាញ់ កំពុងតែប្រព្រឹត្តទៅ ដើម្បីវែកមុខរកបុគ្គល ដែលទទួលបានការបង្គាប់បញ្ជាធ្វើឃាត ពីសំណាក់លោកស្រី Sarah Duterte។
គួរបញ្ជាក់ថា លោកស្រី Sarah Duterte គឺជាកូនស្រីអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte។ លោកស្រី បានចុះចេញពីតំណែងជារដ្ឋមន្រ្តីក្រសួងអប់រំ កាលពីខែមិថុនា ឆ្នាំនេះ នៅពេលទំនាក់ទំនងរវាងគ្រួសារ Duterte និងគ្រួសារ លោក Marcos បានធ្លាក់ដល់ចំណុចស្តារលែងរួច ហើយសម្ព័ន្ធភាពរវាងគ្រួសារទាំងពីរ បានដួលរលំទៅវិញ។ សម្ព័ន្ធភាពនេះ ដំបូងឡើយ បានជួយឱ្យលោក Marcos និងលោកស្រី Sarah Duterte ទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ជាប់ជាប្រធានាធិបតី និងអនុប្រធានាធិបតី ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២២។
លោកស្រី Sarah Duterte ឥឡូវ ក៏កំពុងស្ថិតក្រោមការស៉ើបអង្កេតពាក់ព័ន្ធអំពើពុករលួយ របស់រដ្ឋសភាហ្វីលីពីន ដែលដឹកនាំដោយលោក Romualdez ផងដែរ។ ទាំងលោកស្រី Sarah Duterte និងលោក Romualdez សុទ្ធតែត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងឈរឈ្មោះប្រកួតប្រជែងយកតំណែងប្រធានាធិបតីហ្វីលីពីន ក្នុងការបោះឆ្នោតឆ្នាំ២០២៨៕