(បាងកក)៖ ប៉ូលិសបានប្រាប់ AFP នៅថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកានេះថា ជនបរទេសចំនួន ៣៩នាក់ បានរត់គេចខ្លួន ចេញពីទីតាំងប្រព្រឹត្តប្រតិបត្តិការឆបោកតាមអនឡាញ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឆ្លងព្រំដែនមកកាន់ប្រទេសថៃ ហើយក្រុមមន្រ្តីកំពុងធ្វើការ ដើម្បីកំណត់អត្តសញ្ញាជនទាំងនោះ ដែលអាចជាជនរងគ្រោះ នៃអំពើការជួញដូរខុសច្បាប់។
កន្លែងធ្វើប្រតិបត្តិឆបោកតាមអនឡាញ បាននិងកំពុងរីកដុះដាលនៅតាមព្រំដែនមីយ៉ាន់ម៉ា និងមានបុគ្គលិកជាជនបរទេស ដែលជារឿយៗត្រូវបានជួញដូរ និងបង្ខំឱ្យធ្វើការ។ ពួកគេត្រូវជនរួមជាតិបោកប្រាស់ឱ្យមកធ្វើការ ក្នុងវិស័យខុសច្បាប់មួយ ដែលអ្នកវិភាគនិយាយថា អាចប្រមូលលុយបានរាប់ពាន់លានដុល្លារ។ មេប៉ូលិសក្រុង Mae Sot លោក Pittayakorn Petcharat បានឱ្យដឹងថា ក្រុមមនុស្សមកពីស្រីលង្កា នេប៉ាល់ ម៉ាឡេស៉ី និងរុស្ស៉ី បានចូលមកខេត្ត Tak ប្រទេសថៃ។ ពួកគេរត់ចេញពីទីក្រុង Myawaddy ដោយគ្រាន់តែឆ្លងកាត់ព្រំដែនប៉ុណ្ណោះ។
គួរបញ្ជាក់ថា ទីក្រុង Myawaddy របស់មីយ៉ាន់ម៉ាឥលូវនេះ កំពុងគ្រប់គ្រងដោយកងជីវពល ដែលគាំទ្ររបបយោធា ហើយជាបណ្តុំកន្លែងផលិតគ្រឿងញៀន និងបណ្តាញឆបោកអនឡាញ៕