(តេហេរ៉ង់)៖ នាថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា លោក Ayatollah Ali Khamenei មេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ ដែលជាខ្នងបង្អែក​របស់ក្រុមហាម៉ាសប៉ាឡេស្ទីន និងក្រុមហេសបូឡាលីបង់ ដែលកំពុងស្ថិតក្នុងសង្រ្គាមជាមួយអ៉ីស្រាអែល នៅឯតំបន់ហ្កាហ្សា និង​ប្រទេសលីបង់នោះ បាននិយាយថា គួរតែមានការផ្តន្ទាទោសប្រហារជីវិតតែម្តង លើមេដឹកនាំអ៉ីស្រាអែល មិនមែនត្រឹមដីកាចាប់ខ្លួន ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Ali Khamenei ​បានលើកឡើងដូចខាងលើ ក្នុងការអត្ថាធិប្បាយមួយពាក់ព័ន្ធ ការសម្រេចចិត្តរបស់ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែលបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប្រឆាំងនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu និងអតីតរដ្ឋមន្រ្តីការពារជាតិរបស់លោក គឺលោក Yoav Gallant ព្រមទាំងមេដឹកនាំហាម៉ាសម្នាក់ គឺលោក Ibrahim Al-Masri។ ដោយសំដៅលើមេដឹកនាំអ៉ីស្រាអែល លោក Ali Khamenei បាននិយាយដូច្នេះថា «ពួកគេបានចេញដីកាចាប់ខ្លួន ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ទេ។ ការផ្តន្ទាទោសប្រហារជីវិតតែម្តង ទើបស័ក្តិសម សម្រាប់មេដឹកនាំឧក្រិដ្ឋជនទាំងនេះ»។

គួរបញ្ជាក់ថា ការសម្រេចចិត្តចេញដីកាចាប់ខ្លួន របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ បានទទួលរងការរិះគន់ធ្ងន់ៗពីអ៉ីស្រាអែល ខណៈប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា បានបង្ហាញក្តីសង្ឃឹមថា វាអាចនឹងជួយបញ្ចប់អំពើហិង្សា ហើយនាំខ្លួនជនដែល​ប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ទៅទទួលទោសតាមផ្លូវច្បាប់។ អ៉ីស្រាអែលបានបដិសេធយុត្តាធិការរបស់ ICC ដែលមានមូលដ្ឋាននៅ​ទីក្រុងឡាអេនៃប្រទេសហូឡង់ ហើយបានប្រកែកថា ពុំមានការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម អំឡុងសង្រ្គាមរបស់ខ្លួន នៅហ្កាហ្សា នោះឡើយ៕