(ឡុងដ៍)៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បានបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងគោរពតាមដីកាចាប់ខ្លួន របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រឆាំងនឹងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ប្រសិនបើលោកធ្វើទស្សនកិច្ចនៅចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងនៅក្នុងកិច្ចប្រជុំ G7 នៅប្រទេសអ៊ីតាលី លោក Lammy បានប្រាប់អ្នកសារព័ត៌មានថា អង់គ្លេសជាហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូម ដែលជាសន្ធិសញ្ញាបង្កើត ICC ហើយតែងតែគោរពកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ។
លោក Lammy បានបញ្ជាក់ដូច្នេះថា «យើងជាហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូម យើងតែងតែប្តេជ្ញាចិត្តចំពោះកាតព្វកិច្ចរបស់យើងក្រោមច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ... ពិតណាស់ប្រសិនបើមានដំណើរទស្សនកិច្ចបែបនេះទៅកាន់ចក្រភពអង់គ្លេស នឹងមានការអនុវត្តដីការបស់តុលាការ»។
គួរបញ្ជាក់ថា ការប្រកាសនេះធ្វើឡើងបន្ទាប់ពី ICC បានចេញដីកាចាប់ខ្លួនលោក Netanyahu ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ទាក់ទងនឹងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។ អ៊ីស្រាអែលបានច្រានចោលយុត្តាធិការរបស់ ICC និងបានថ្កោលទោសការសម្រេចចិត្តនេះ៕