(ម៉ានីល)៖ ក្រុមមន្ត្រីសន្តិសុខនៅក្នុងប្រទេសហ្វីលីពីន កាលពីថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា បានប្រកាសពង្រឹងកិច្ចការពារសន្តិសុខ បន្ទាប់ពីលោកស្រីអនុប្រធានាធិបតី Sara Duterte បានគំរាម ជាសាធារណៈថាលោកស្រីបានជួលឃាតកម្នាក់ដើម្បីសម្លាប់លោកប្រធានាធិបតី Ferdinand Marcos Jr ប្រសិនបើខ្លួនលោកស្រីផ្ទាល់ត្រូវគេសម្លាប់។ ជាសញ្ញានៃជម្លោះកាន់តែក្ដៅគគុករវាងគ្រួសារ លោក Duterte និងគ្រួសារលោក Marcos លោកស្រី Sara Duterte បាននិយាយដោយឥតលាក់លៀមនៅឯសន្និសីទសារព័ត៌មានមួយ កាលពីព្រឹកថ្ងៃសៅរ៍ថាលោកស្រីបានជួលឃាតកម្នាក់ ហើយបានបញ្ជាឱ្យរូបគេសម្លាប់លោក Marcos និងភរិយារបស់លោក ព្រមទាំងប្រធានសភាហ្វីលីពីន នៅក្នុងករណីដែលលោកស្រីត្រូវបានគេសម្លាប់។ «ខ្ញុំបានបញ្ជាមនុស្សម្នាក់ថាប្រសិនបើខ្ញុំត្រូវគេ សម្លាប់ អ្នកឯងត្រូវតែសម្លាប់ BBM (លោក Marcos), (ជំទាវទីមួយ) លោកស្រី Liza Araneta និង (ប្រធានសភា) លោក Martin Romualdez»។ នេះមិនមែនជាការនិយាយលេងសើចទេ ហើយកុំបញ្ឈប់ឱ្យសោះ ទាល់តែអ្នកឯងសម្លាប់ពួកគេបាន»។ នេះជាការគំរាមរបស់លោកស្រី Sara Duterte។
នៅថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ក្រសួងយុត្តិធម៌នៃប្រទេសហ្វីលីពីន បានចាត់ទុកអនុប្រធានាធិបតី លោកស្រី Sara Duterte ជាមេខ្លោង នៃគម្រោងធ្វើឃាតប្រធានាធិបតី លោក Ferdinand Marcos ដោយទុកពេលឱ្យលោកស្រីចំនួន៥ថ្ងៃ ដើម្បីឆ្លើយតបចំពោះដីកាកោះហៅ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នាថ្ងៃចន្ទនេះ អនុរដ្ឋមន្រ្តីយុត្តិធម៌ហ្វីលីពីន លោក Jesse Andres បាននិយាយថា «រដ្ឋាភិបាលកំពុងចាត់វិធានការដើម្បីការពារប្រធានាធិបតីស្របច្បាប់របស់យើង។ ផែនការគិតទុកជាមុន ដើម្បីធ្វើឃាតលោកប្រធានាធិបតី ប្រកាសដោយមេខ្លោងដែលបានសារភាពខ្លួនឯងផ្ទាល់នេះ ឥឡូវនឹងត្រូវប្រឈមមុខ ជាមួយផលវិបាកតាមផ្លូវច្បាប់»។ ដោយឡែក លោក Marcos ផ្ទាល់ បានប្តេជ្ញាតតាំងចំពោះមុខការគំរាមកំហែងគួរឱ្យបារម្ភនេះ និងបានបន្ថែមថាសកម្មភាពប៉ុនប៉ង ខុសច្បាប់បែបនេះ ដាច់ខាតមិនត្រូវមើលរំលងឡើយ ហើយក្នុងនាមជាប្រទេសប្រជាធិបតេយ្យ គឺច្បាប់ត្រូវតែអនុវត្ត ដូច្នេះថាតើអ្វីទៅជាដើមចមនៃជម្លោះរវាងគ្រួសារអ្នកនយោបាយដ៏មានឥទ្ធិពល ទាំង២ នៅហ្វីលីពីន?
* ពីមិត្តក្លាយជាសត្រូវ
កាលពីឆ្នាំ២០២២ គ្រួសារលោក Marcos និងគ្រួសារលោក Duterte បានរួមកម្លាំងគ្នា ដោយមានលោកស្រី Sara Duterte ឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតីរបស់លោក Marcos ដែល បានបើកផ្លូវឱ្យគ្រួសារលោក Marcos ត្រឡប់មកកាន់អំណាចសាជាថ្មីនៅហ្វីលីពីន។ ប៉ុន្តែ ភាពប្រេះឆារវាងគ្រួសារទាំង២ បានលេចចេញជារូបរាងបន្តិចម្ដងៗ រហូតក្លាយទៅជាសត្រូវនឹងគ្នា នៅបន្ទាប់ពីលោក Marcos បានប្រកាសគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលមានកំណើនយឺតយ៉ាវជាងការព្យាកររបស់រដ្ឋាភិបាលកាលពីឆ្នាំមុន។ តែទន្ទឹមគ្នា លោក Marcos ក៏បានគាំទ្រដល់ការធ្វើវិសោធនកម្មស្ដីពីការកំណត់អាណត្តិប្រធានាធិបតីផងដែរ។ លោក Duterte បានជំទាស់យ៉ាងខ្លាំងទៅនឹងផែនការធ្វើវិសោធនកម្មនេះ ជាមួយការព្រមាន ថាលោក Marcos ចង់ត្រឡប់ទៅរកការកាន់អំណាចផ្ដាច់ការដូចជំនាន់ឪពុករបស់លោក។ ចាប់តាំងពីពេលនោះមក ពោលគឺនៅខែមករា ឆ្នាំ២០២៤ ជម្លោះរវាងគ្រួសារទាំង២បានផ្ទុះទៅជា សង្រ្គាមពាក្យសម្ដីយ៉ាងក្ដៅគគុក ដោយលោក Duterte បានហៅលោក Marcos ជាមនុស្សញៀនថ្នាំ និងគំរាមថាលោក Marcos អាចនឹងត្រូវបានទម្លាក់ចេញពីអំណាច។
ប៉ុន្មានខែក្រោយមក លោកស្រី Sara Duterte បានលាលែងចេញពីតំណែងក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោក Marcos ក្នុងនាមជារដ្ឋមន្ត្រីក្រសួងអប់រំ។ មិនតែប៉ុណ្ណោះ កាលពីខែតុលា កន្លងទៅ លោកស្រីបាននិយាយនៅក្នុងការផ្សាយផ្ទាល់រយៈពេល ២ម៉ោងថាលោកស្រីចង់កាត់ក្បាលលោក Marcos ហើយថែមទាំងគំរាមគាស់ផ្នូរយកសាកសពឪពុករបស់លោក Marcos ទៅប្លុងចោល នៅសមុទ្រហ្វីលីពីនភាគខាងលិចទៀតផង។ ជាការឆ្លើយតប លោក Marcos នៅក្នុងខែវិច្ឆិកានេះបានកែប្រែគោលជំហរ ១៨០ដឺក្រេ តាមរយៈការប្រកាសពីរដ្ឋាភិបាលរបស់លោកថានឹងសហការ ជាមួយប៉ូលិស Interpol ប្រសិនបើមានដីកាចាប់ខ្លួនលោក Duterte ជុំវិញសង្រ្គាមគ្រឿងញៀនដែលមានមនុស្សជាង ៣០ ០០០នាក់ត្រូវបានវាយតម្លៃថាត្រូវបានសម្លាប់ក្រោមអាណត្តិកណ្ដាប់ដៃ ដែករបស់លោក Duterte។ ក្រៅតែពីជម្លោះផ្ទាល់ខ្លួន ក្រុមអ្នកវិភាគជឿថាការយល់ឃើញខុសគ្នាពីសម្ព័ន្ធភាពរបស់ហ្វីលីពីនជាមួយចិន និងសហរដ្ឋអាមេរិក ក៏ជាហេតុផលមួយនៃការដួលរំលំ សម្ព័ន្ធភាពគ្រួសារទាំង២ ផងដែរ។ លោក Marcos ដែលបានចំណាយពេលរស់នៅរដ្ឋ Hawaii រយៈពេល៥ឆ្នាំ ក្រោយឪពុករបស់លោកត្រូវបានបណ្ដេញចេញពីអំណាច និងដែលបានការអប់រំ នៅ សហរដ្ឋអាមេរិក មើលឃើញថាសហរដ្ឋអាមេរិកជាសម្ព័ន្ធមិត្តគួរឱ្យទុកចិត្តបានដែលជួយហ្វីលីពីននៅក្នុងជម្លោះទឹកដីនៅឯសមុទ្រចិនខាងត្បូងជាមួយចិន។
ចំណែក លោកស្រី Sara Duterte មានលោក Duterte ជាឪពុកដែលយល់ថាសហរដ្ឋអាមេរិកលាក់ពុត ហើយមានទំនោរងាកទៅរកចិន អំឡុងអាណត្តិជាប្រធានាធិបតីរបស់លោក បានរក្សា ភាពស្ងៀមស្ងាត់ចំពោះភាពតានតឹងជាមួយចិន។ «ខណៈពួកគេអាចចរចាសម្រុះសម្រួលគ្នាលើបញ្ហានៅក្នុងស្រុក តែរឿងដែលត្រូវឈរនៅខាងអាមេរិក ឬចិន គឺជារឿងមួយមិនអាច សម្រុះសម្រួលគ្នាបាន»។ នេះបើតាមលោក Ranjit Singh Rye ជាជំនួយការសាស្ដ្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយម្នាក់មកពី University of the Philippines។
* ជម្លោះដែលគ្មានផ្លូវត្រឡប់ក្រោយ?
លោកស្រី Jean Encinas-Franco ជាសាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យ University of the Philippines បាននិយាយថាជម្លោះរវាងគ្រួសារលោក Marcos និងគ្រួសារ លោក Duterte បានដើរដល់ចំណុចមួយដែលមិនអាចបកក្រោយវិញបាន។ ម្យ៉ាង ក្រុមអ្នកវិភាគផ្សេងទៀតយល់ថាជម្លោះនេះក៏អាចមានជាប់ពាកព័ន្ធនឹងការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០២៨ ផងដែរ ស្របពេលលោកស្រី Sara Duterte ត្រូវបានព្យាករថាមានឱកាសខ្ពស់ដើម្បីជាប់ឆ្នោតជាប្រធានាធិបតី។ តួយ៉ាង ការស្ទង់មតិបានបង្ហាញថាលោកស្រីជាជម្រើសជាអាទិភាពសម្រាប់តំណែងជាប្រធានាធិបតីនៅឆ្នាំ២០២៨។ «ដូច្នេះហើយជម្លោះរវាងគ្រួសារទាំង២ នឹងក្លាយជាសង្រ្គាមដោយចំហរមួយនៅក្នុងឆ្នាំ២០២៤នេះ»។ នេះជាការយល់ឃើញរបស់លោក Ronald Llamas ជាអ្នកវិភាគនយោបាយជើងចាស់ និងជាអតីតទីប្រឹក្សារបស់ប្រធានាធិបតីហ្វីលីពីន។ អ្នកវិភាគរូបនេះបន្ថែមថា «លោក Marcos ត្រូវតែក្ដាប់ឱកាសកម្ចាត់អំណាចរបស់គ្រួសារ Duterte នៅហ្វីលីពីន បើពុំនោះទេប្រសិនបើលោកស្រី Sara Duterte ឬក៏មនុស្សមានភក្តីភាពចំពោះលោក Duterte ធ្វើបានល្អនៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ នោះពួកគេនឹងសងសឹកដាក់គ្រួសាររបស់លោក Marcos វិញជាមិនខាន»។
គួរបញ្ជាក់ថា មុនការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៨ ហ្វីលីពីននឹងត្រូវរៀបចំការបោះឆ្នោតពាក់កណ្ដាលអាណត្តិមួយនៅឆ្នាំ២០២៥ ហើយបើតាមក្រុមអ្នកវិភាគ ប្រសិនបើបេក្ខជនដែល លោក Marcos គាំទ្រទទួលបរាជ័យក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ឬក៏អ្នកគាំទ្ររបស់លោកផ្លាស់ប្ដូរភក្តីភាពរបស់ពួកគេ នោះរបៀបវារៈច្បាប់ និងនយោបាយរបស់លោកនឹងត្រូវស្ថិត ក្នុងហានិភ័យ៕