(បែលហ្សិក)៖ មន្ត្រីយោធាកំពូល នៃអង្គការណាតូ បានអំពាវនាវឱ្យមេដឹកនាំធុរកិច្ច នៅអឺរ៉ុប និងអាមេរិក ត្រៀមខ្លួនរៀបចំសម្រាប់សេណារីយ៉ូសង្រ្គាម និងកែសម្រួលខ្សែសង្វាក់ផលិតកម្មនិងចែកចាយ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសដូចជា រុស្ស៊ីនិងចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការអំពាវនាវនេះ ធ្វើឡើងដោយ លោកឧត្តមនាវីឯក Rob Bauer ប្រធានគណៈកម្មាធិការយោធារបស់អង្គការណាតូនៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
លោក Bauer បានព្រមានថា ការពឹងផ្អែកលើសេវាកម្មនិងទំនិញសំខាន់ៗ ពីប្រទេសដែលមិនមែនជាសម្ព័ន្ធមិត្ត អាចធ្វើឱ្យប្រទេសលោកខាងលិច ងាយរងគ្រោះក្នុងស្ថានភាពសង្រ្គាម។ លោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម មិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ឬអង្គការនោះទេ ប៉ុន្តែវាក៏ជាកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល ដែលអាចប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីផលប្រយោជន៍នយោបាយ។ លោកបានព្រមានថា វាជាការយល់ខុស ប្រសិនបើគិតថារដ្ឋាភិបាលទាំងនោះ នឹងមិនប្រើប្រាស់ឥទ្ធិពល និងអំណាចរបស់ខ្លួន ក្នុងស្ថានភាពសង្រ្គាម។
ទន្ទឹមគ្នានេះ លោក Bauer បានជំរុញឱ្យមេដឹកនាំធុរកិច្ច គិតគូរពីផលប៉ះពាល់ជាយុទ្ធសាស្ត្រ នៃការសម្រេចចិត្តពាណិជ្ជកម្មរបស់ពួកគេ និងត្រៀមខ្លួន សម្រាប់ស្ថានភាពសង្រ្គាម ដែលអាចកើតឡើងនាពេលអនាគត។ លោកបានសង្កត់ធ្ងន់ថា «ពាណិជ្ជកម្មចាំបាច់ត្រូវរៀបចំសម្រាប់សេណារីយ៉ូក្នុងសម័យសង្រ្គាម ហើយកែសម្រួលខ្សែសង្វាក់ផលិតកម្ម និងការចែកចាយឱ្យសមស្រប»៕