(ហ្សាការតា)៖ ក្រុមអ្នកជួយសង្រ្គោះនៅក្នុងប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកានេះ បានចាប់ផ្ដើមធ្វើប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេឡើងវិញ ដើម្បីតាមស្វែងរកមនុស្ស ៧នាក់ដែលបានបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានវាយប្រហារលើខេត្ត North Sumatra ដោយបង្កឱ្យមានគ្រោះទឹកជំនន់ និងរអិលបាក់ដីសម្លាប់មនុស្ស ១៥នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមអ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ឥណ្ឌូណេស៊ី លោក Abdul Muhari មានមនុស្ស ១១នាក់បានស្លាប់ក្នុងគ្រោះរអិលបាក់ដី នៅក្នុងស្រុក Karo, Padang Lawas និងស្រុក Tapanuli Selatan ខណៈ៤នាក់ផ្សេងទៀតស្លាប់ក្នុងគ្រោះទឹកជំនន់នៅក្នុងស្រុក Deli Serdang។ លោក Muhari ក្រុមអ្នកជួយសង្រ្គោះជាង ១០០នាក់ រួមជាមួយប៉ូលិស និងយោធា កំពុងបន្តតាមស្វែងរកអ្នកបាត់ខ្លួនទាំង៧នាក់ ប៉ុន្តែប្រតិបត្តិការរបស់ពួកគេកំពុងជួបផលលំបាកដោយសារតែភ្លៀងនៅតែបន្តធ្លាក់។

គួរបញ្ជាក់ថា គ្រោះរអិលបាក់ដីតែងតែកើតឡើងជាញឹកញាប់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ជាពិសេសក្នុងរដូវភ្លៀងតែម្ដង។ ក្រុមអ្នកធ្វើការពាក់ព័ន្ធនឹងបរិស្ថានបាននិយាយថាភាពញឹកញាប់ នៃគ្រោះរអិលបាក់ដីគឺបង្កឡើងដោយការកាប់ព្រៃឈើ និងអាជីវកម្មរុករករ៉ែខ្នាតតូចខុសច្បាប់មួយចំនួន៕