(ហ្ស៊េរុយសាឡិម)៖ ក្រុមមន្ត្រីសន្តិសុខជាន់ខ្ពស់៤នាក់ នៅក្នុងប្រទេសលីបង់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកាថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ត្រូវបានរំពឹងថានឹងប្រកាសពីបទឈប់បាញ់មួយនៅលីបង់ រវាងក្រុមហេសបូឡា និងអ៉ីស្រាអែល ក្នុងពេលឆាប់ៗ។
នៅឯទីក្រុងវ៉ាស៊ីនតោន អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយថា «យើងកំពុងខិតជិតទៅរកបទឈប់បាញ់ ប៉ុន្តែមិនទាន់ឈានដល់ការសម្រេចចិត្ត ចុងក្រោយនៅឡើយទេ»។ ចំណែក ខាងវិមានប្រធានាធិបតីបារាំងបានបញ្ជាក់ថាកិច្ចពិភាក្សាអំពីបទឈប់បាញ់មួយមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ខណៈនៅអ៉ីស្រាអែលឯណោះវិញ មន្ត្រីជាន់ខ្ពស់ម្នាក់បានឱ្យដឹងថាគណៈរដ្ឋមន្ត្រីរបស់អ៉ីស្រាអែលនឹងបើកកិច្ចប្រជុំមួយនៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីអនុម័តលើកិច្ចព្រមព្រៀងបទឈប់បាញ់មួយជាមួយហេសបូឡា។
គួរបញ្ជាក់ថា ខណៈមានការអះអាងពីការរីកច្រើនក្នុងកិច្ចចរចាស្វែងរកបទឈប់បាញ់ ក្រុមមន្ត្រីលីបង់បានអះអាងថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលកាលពីថ្ងៃចន្ទ បានសម្លាប់ មនុស្ស ៣១នាក់ នៅទូទាំងប្រទេស៕