(មូស្គូ)៖ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី លោក Sergei Shoigu បានប្រាប់បណ្តាមេដឹកនាំរបស់ក្រុមតាលីបង់ នៅអាហ្វហ្កានីស្ថាន កាលពីថ្ងៃចន្ទសប្តាហ៍នេះថា ទីក្រុងមូស្គូចង់ជួយប្រទេសនេះ ឱ្យសម្រេចបាននូវសន្តិភាពយូអង្វែង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។

លោក Shoigu កំពុងដឹកនាំគណៈប្រតិភូរុស្ស៉ី ជួបជាមួយមន្ត្រីជាន់ខ្ពស់នៅទីក្រុងកាប៊ុល រួមទាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងក្រសួងមហាផ្ទៃ។ ក្រុមមេដឹកនាំតាលីបង់បានស្នើដល់ លោក Shoigu ជួយពួកគេឱ្យរួចផុត ពីសម្ពាធរបស់សហរដ្ឋអាមេរិក តាមរយៈទណ្ឌកម្មប្រឆាំងរដ្ឋាភិបាលទីក្រុងកាប៊ុល។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានដកស្រង់សម្តីលោក Shoigu ដែលនិយាយថា «ខ្ញុំសូមបញ្ជាក់ពីការត្រៀមខ្លួន បង្កើតកិច្ចសន្ទនានយោបាយប្រកបដោយលក្ខណៈស្ថាបនា រវាងប្រទេសទាំងពីរ ហើយគោលដៅមួយក្នុងចំណោមនោះ នឹងជំរុញដល់ការដោះស្រាយបញ្ហា នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន»។ លោក Shoigu បន្ថែមថា សហរដ្ឋអាមេរិក​ ដែលដកកងទ័ពចេញ ក្រោយស្ថិតក្នុងប្រទេសនេះអស់រយៈពេល ២០ឆ្នាំ ក៏គួរតែនាំមុខគេ លើការកសាងអាហ្វហ្កានីស្ថានឡើងវិញ។

គួរបញ្ជាក់ថា រុស្ស៉ី មានកេរដំណែលនៃការចូលរួមរបស់សូវៀត រយៈពេល ៩ឆ្នាំក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយរដ្ឋាភិបាលជាមិត្តជាមួយទីក្រុងមូស្គូ បានជួយទប់ទល់ក្រុមទ័ពព្រៃដែលប្រឆាំងនឹងរបបកុម្មុយនិស្ត។ កាលពីខែមុន រុស្ស៉ីបានសម្រេចដកក្រុមតាលីបង់ ចេញពីបញ្ជីឈ្មោះក្រុមភេរវករ ប៉ុន្តែការអនុវត្ត​នីតិវិធី​ច្បាប់​នៅ​មានដដែល​៕