(បែរឡាំង)៖ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ប្រទេសមួយចំនួននៅអឺរ៉ុប នឹងបង្កើនការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន បន្ទាប់ពីការពិភាក្សាជាមួយសមភាគី អង់គ្លេស បារាំង អ៉ីតាលី និងប៉ូឡូញ ជុំវិញរបៀបជំរុញកិច្ចខិតខំប្រឹងប្រែងជួយទីក្រុងកៀវលើការការពារជាតិបន្តទៀត ចំពោះមុខការវិលត្រលប់របស់ លោក ដូណាល់ ត្រាំ មកកាន់សេតវិមាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។
លោក Pistorius បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងបែរឡាំង ក្រោយធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ មកពីប្រទេសនាំមុខក្នុងវិស័យការពារជាតិ នៅអឺរ៉ុបចំនួន ៥ ដូច្នេះថា «គោលដៅរបស់យើង គឺត្រូវជួយឱ្យអ៊ុយក្រែន បន្តការប្រយុទ្ធប្រឆាំងដោយមានកម្លាំង»។ លោកថា ជោគជ័យរបស់លោក ត្រាំ បានបន្ថែមសម្ពាធឱ្យអឺរ៉ុបបង្កើនតួនាទី ក្នុងការបំពាក់អាវុធដល់ទីក្រុងកៀវ ប្រសិនបើទីក្រុងវ៉ាស៉ីនតោន ដែលជាម្ចាស់ជំនួយដ៏ធំតាំងពីដើមទីមកដល់ពេលនេះ ពិតជាត្រូវបានកាត់បន្ថយមែននោះ។
បើតាម Pistorius បេសកកម្មរបស់អង្គការណាតូ ដែលមានទីតាំងនៅក្នុងទីក្រុង Wiesbaden ប្រទេសអាល្លឺម៉ង់ នឹងជួយសម្របសម្រួលជំនួយយោធា របស់លោកខាងលិចសម្រាប់អ៊ុយក្រែន ចាប់ពីខែមករា ឆ្នាំ ២០២៥តទៅ ដែលនេះជាវិធានការមួយ ត្រូវបានរំពឹងទុកច្រើនខែមកហើយ។ បេសកកម្មថ្មីនេះហៅថា NATO Security Assistance and Training for Ukraine (NSATU) និងត្រូវបានមើលឃើញយ៉ាងទូលំទូលាយថា ជាកិច្ចខិតខំប្រឹងប្រែងដើម្បីការពារយន្តការផ្តល់ជំនួយ ប្រឆាំងនឹងការជ្រៀតជ្រែកណាមួយ ពីអនាគតប្រធានាធិបតីអាមេរិក លោក ត្រាំ៕