(ណៃពិដោ)៖ ក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយ ស្ថិតក្នុងសម្ព័ន្ធភាពចលនាឧទ្ទាម ដែលកំពុងប្រយុទ្ធជាមួយរបបសឹកមីយ៉ាន់ម៉ា បានប្រកាសពីឆន្ទៈបើកកិច្ចចរចា ជាមួយរដ្ឋាភិបាលយោធា ក្រោយការប្រយុទ្ធគ្នា អស់រយៈពេលប្រមាណជាង១ឆ្នាំ នៅបណ្តោយព្រំប្រទល់រវាងប្រទេសមីយ៉ាន់ម៉ា និងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ការបង្ហាញឆន្ទៈខាងលើរបស់ក្រុម Ta'ang National Liberation Army (TNLA) ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃចន្ទ និងចំពេលដែលចិនព្យាយាមដាក់សម្ពាធលើក្រុមឧទ្ទាមមីយ៉ាន់ម៉ា ចំពោះមុខការចុះទន់ខ្សោយយ៉ាងឆាប់រហ័ស នៃរបបយោធា ដែលទីក្រុងប៉េកាំង ជាយូរមកហើយចាត់ទុកជា អ្នកធានាស្ថិរភាព។ ប្រទេសអាស៊ានមួយនេះ បានធ្លាក់ទៅក្នុងភាពចលាចល ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា ខែកុម្ភៈ ឆ្នាំ២០២១។ រដ្ឋប្រហារនោះដំបូងឡើយ ដែលបង្កឱ្យមានចលនាតស៊ូប្រឆាំងដោយសន្តិវិធី ប៉ុន្តែក៏បានប្រែក្លាយទៅជា ការបះបោរប្រដាប់អាវុធ ក្រោយការបង្រ្កាបយ៉ាងខ្លាំងក្លារបស់យោធា។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុម TNLA បាននិយាយថា ខ្លួនចង់ឱ្យយោធាបញ្ឈប់ ការវាយប្រហារតាមផ្លូវអាកាស នៅតំបន់រដ្ឋ Shan ភាគខាងជើងប្រទេស ហើយបានបង្ហាញពី បំណងចង់ចរចាគ្នា រួមជាមួយការអរគុណចំពោះកិច្ចប្រឹងប្រែងផ្សះផ្សាជម្លោះ ពីសំណាក់ប្រទេសចិន។ TNLA ស្ថិតក្នុងផ្នែកនៃប្រតិបត្តិការវាយលុករួមគ្នា ដែលផ្តើមឡើងកាលពីខែតុលា ឆ្នាំ២០២៣។ ក្រុមប្រដាប់អាវុធជនជាតិភាគតិច២ផ្សេងទៀត ដែលស្ថិតក្នុងប្រតិបត្តិការនោះ រួមមាន Arakan Army និង Myanmar National Democratic Alliance Army (MNDAA)។
គួរបញ្ជាក់ថា សម្ព័ន្ធភាពចលនាឧទ្ទាមនេះ កន្លងមកធ្លាប់ឈានដល់បទឈប់បាញ់មួយ កាលពីខែមករា ជាមួយរបបយោធា អំឡុងកិច្ចពិភាក្សា ដែលត្រូវបានជួយសម្រុះសម្រួលដោយចិន ប៉ុន្តែកិច្ចព្រមព្រៀងនោះបានដួលរលំទៅវិញ កាលពីខែមិថុនា ហើយការប្រយុទ្ធគ្នាក៏បានបន្ត។ ដោយឡែក National Unity Government (NUG) ដែលជារដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា បានចេញមុខនិយាយថា ទីក្រុងប៉េកាំងចាំបាច់ត្រូវពិចារណា លើការចង់បាននិងឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ាផ្ទាល់ នៅពេលចូលរួមពាក់ព័ន្ធក្នុងវិបត្តិរបស់ប្រទេសមីយ៉ាន់ម៉ា៕