(វ៉ាស៉ីនតោន)៖ យោធាអាមេរិកបានឱ្យដឹងថា យន្តហោះល្បាតមួយ១គ្រឿង របស់កងទ័ពជើងទឹកអាមេរិក បានហោះធ្វើដំណើរកាត់ពីលើច្រកសមុទ្រតៃវ៉ាន់ នាថ្ងៃអង្គារនេះ ហើយបានបន្ថែមថា សកម្មភាពនេះសបញ្ជាក់ឱ្យឃើញពី ការប្តេជ្ញារបស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកមួយ ដែលសេរីនិងបើកចំហ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
យន្តហោះល្បាតខាងលើជាប្រភេទ P-8A Poseidon។ យោធាអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «តាមរយៈការធ្វើប្រតិបត្តិការ នៅច្រកសមុទ្រតៃវ៉ាន់ ដោយស្របតាមច្បាប់អន្តរជាតិ សហរដ្ឋអាមេរិក រក្សាការពារសិទ្ធិនិងសេរីភាពនៃការធ្វើដំណើរ សម្រាប់ប្រទេសទាំងអស់»។
ប្រហែលជា មួយខែម្តង គឺសហរដ្ឋអាមេរិក តែងចល័តនាវាយោធា ឬយន្តហោះយោធារបស់ខ្លួន ឱ្យធ្វើដំណើរកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលខណ្ឌចែកប្រទេសចិន និងកោះតៃវ៉ាន់ ហើយបេសកកម្មទាំងនោះ តែងតែធ្វើឱ្យចិនចេញមុខប្រតិកម្ម ដោយការមិនពេញចិត្តជានិច្ច។ ចិនចាត់ទុកតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ខ្លួន ដូច្នេះហើយ ច្រកសមុទ្រតៃវ៉ាន់ ក៏ត្រូវចាត់ទុកថា ស្ថិតនៅក្រោមយុត្តាធិការ របស់ទីក្រុងប៉េកាំងដែរ។ យ៉ាងណាមិញ តៃវ៉ាន់និងសហរដ្ឋអាមេរិក បានប្រកែកថា ច្រកសមុទ្រនោះ គឺជាផ្លូវទឹកអន្តរជាតិ។
គួរបញ្ជាក់ថា កាលពីខែមេសា ឆ្នាំនេះ យោធាចិនបានឱ្យដឹងថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំង ឱ្យតាមឃ្លាំមើលនិងព្រមាន យន្តហោះល្បាត Poseidon ១គ្រឿងរបស់យោធាអាមេរិក នៅលើច្រកសមុទ្រតៃវ៉ាន់ ខណៈបេសកកម្មនោះ កើតមានឡើង ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទរវាង ប្រមុខការពារជាតិចិននិងអាមេរិក៕