(ម៉ានីល)៖ នៅថ្ងៃអង្គារនេះ អនុប្រធានាធិបតីនៃប្រទេសហ្វីលីពីន លោកស្រី Sara Duterte បានបដិសេធថា លោកស្រីមិនមាន​គម្រោង ដើម្បីធ្វើឃាតប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos នោះឡើយ ហើយលោកស្រីបានគូសបញ្ជាក់ថា សម្តីរបស់លោកស្រី កាលពីចុងសប្តាហ៍មុន គឺគ្រាន់តែជាការឆ្លុះបញ្ចាំងនូវ អារម្មណ៍ភ័យព្រួយខ្លាំងមួយប៉ុណ្ណោះ របស់លោកស្រី អំពីលោក Marcos។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រសួងយុត្តិធម៌ហ្វីលីពីន បានហៅលោកស្រី Sara Duterte ថាជាមេខ្លោងដែលសារភាពដោយខ្លួនឯងផ្ទាល់ នៃផែនការគ្រោងធ្វើឃាតលោកប្រធានាធិបតី Marcos ហើយបានចេញដីកាកោះហៅ ដើម្បីឱ្យលោកស្រី ចូលខ្លួនមកបំភ្លឺឱ្យច្បាស់លាស់ ក្នុងដំណើរការសាកសួរជាផ្លូវការ។

ការចេញដីកាកោះហៅនោះធ្វើឡើង ក្រោយលោកស្រី Sara Duterte បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីចុងសប្តាហ៍មុនថា លោកស្រីបានបង្គាប់ឱ្យសមាជិកនៃកងការពារ របស់លោកស្រី សម្លាប់លោក Marcos ព្រមទាំងភរិយាលោក គឺលោកស្រី Liza Araneta-Marcos ហើយនិងបងប្អូនជីដូនមួយរបស់លោក គឺលោក Martin Romualdez ដែលជាប្រធានរដ្ឋសភាហ្វីលីពីន ប្រសិនបើផែនការធ្វើឃាតមកលើលោកស្រី ប្រព្រឹត្តទៅបានសម្រេច។

យ៉ាងណាមិញ នាថ្ងៃអង្គារនេះ លោកស្រី Sara Duterte ហាក់បាននិយាយកែតម្រូវការអត្ថាធិប្បាយនោះវិញ ដោយអះអាងថា វាគ្រាន់តែជាការបង្ហាញ អំពីអារម្មណ៍ភ័យព្រួយមួយប៉ុណ្ណោះ របស់លោកស្រី ចំពោះភាពបរាជ័យរបស់រដ្ឋាភិបាលលោក Ferdinand Marcos ក្នុងការបម្រើប្រជាជនហ្វីលីពីន ស្របពេលដែលលោក ធ្វើទុក្ខបុកម្នេញគូសត្រូវនយោបាយរបស់ខ្លួន។

លោកស្រី Sara Duterte បានលើកឡើងថា អ្នកដែលចេះវិនិច្ឆ័យដឹងហេតុផល គឺគ្រប់គ្រាន់ដើម្បីអាចយល់ និងទទួលស្គាល់ថា ការលើកឧទាហរណ៍មួយ អំពីសកម្មភាពសងសឹក ដោយមានលក្ខខណ្ឌបែបនេះ គឺមិនមានន័យស្មើទៅនឹងការគំរាមកំហែងជាក់ស្តែងមួយឡើយ។ លោកស្រីបានបន្ថែមទៀតថា ការចោទប្រកាន់របស់រដ្ឋាភិបាល អំពីគម្រោងធ្វើឃាតលោក Marcos គឺគ្មានមូលដ្ឋានទាល់តែសោះ ដោយលោកស្រីជឿជាក់ថា ការស៉ើបអង្កេតស្មោះត្រង់មួយ មុខជានឹងលាតត្រដាងឱ្យឃើញយ៉ាងងាយថា គម្រោងធ្វើឃាត ដែលគេអះអាងនោះ គឺវាមិនមែនជារឿងពិតទេ។

គួរបញ្ជាក់ថា លោកស្រី Sarah Duterte គឺជាកូនស្រីអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte។ លោកស្រី បានចុះចេញពីតំណែងជារដ្ឋមន្រ្តីក្រសួងអប់រំ ក្នុងគណៈរដ្ឋមន្រ្តី​របស់លោក Marcos កាលពីខែមិថុនា ឆ្នាំនេះ នៅពេលទំនាក់ទំនងរវាងគ្រួសារ Duterte និងគ្រួសារ លោក Marcos បានធ្លាក់ដល់ចំណុចស្តារលែងរួច ហើយសម្ព័ន្ធភាពរវាងគ្រួសារទាំងពីរ បានដួលរលំទៅវិញ។ សម្ព័ន្ធភាពនេះ ដំបូងឡើយ បានជួយឱ្យលោក Marcos និងលោកស្រី Sarah Duterte ទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ជាប់ជាប្រធានាធិបតី និងអនុប្រធានាធិបតី ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២២៕