(អ៉ីស្លាម៉ាបាដ)៖ ទាហានប៉ាគីស្ថាន ៤នាក់ត្រូវបានសម្លាប់ នាថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកានេះ នៅពេលក្បួនរថយន្ត របស់ក្រុមបាតុករ សម្រុកចូលរដ្ឋធានី Islamabad ដើម្បីតវ៉ាទាមទារ ឱ្យដោះលែងលោក Imran Khan អតីតនាយករដ្ឋមន្រ្តី ដែលកំពុងជាប់ពន្ធនាគារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមអ្នកគាំទ្រលោក Khan រាប់ពាន់នាក់បាននាំគ្នាដង្ហែរក្បួន ចូលមកក្នុងរដ្ឋធានី ដោយទម្លុះរនាំងបាំងផ្លូវ តបតាមការអំពាវនាវ របស់លោក។ នៅក្នុងសេចក្តីថ្លែងការណ៍ពី ការិយាល័យនាយករដ្ឋមន្រ្តី លោក Shehbaz Sharif បានលើកឡើងថា «នេះមិនមែនជាការតវ៉ាដោយសន្តិវិធីទេ»។ លោកថ្កោលទោសថា វាជម្រើសដ៏បង្ហូរឈាម ដើម្បីសម្រេចចេតនានយោបាយ។ រថយន្តក្នុងក្បួនក្រុមអ្នកតវ៉ា បានបើកបំបុកមន្ត្រីសន្តិសុខ សម្លាប់ទាហាន ៤នាក់»។
គណបក្ស PTI របស់លោក Khan នៅមិនទាន់ឆ្លើយតប ចំពោះការចោទប្រកាន់របស់រដ្ឋាភិបាលនោះទេ។ សាក្សីរបស់ Reuters និយាយថា ភរិយាលោក Khan គឺលោកស្រី Bushra Bibi និងមនុស្សជំនិតម្នាក់ទៀត បានដឹកនាំការដើរក្បួននេះ។
គួរបញ្ជាក់ថា លោក Khan ប្រាប់អ្នកតវ៉ាឱ្យដើរទៅកាន់រង្វង់មូល នៅខាងក្រៅរដ្ឋសភា។ កន្លងមកការទាមទាររបស់គណបក្សលោក រួមមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលពួកគេនិយាយថា រដ្ឋាភិបាលធ្វើឡើងដើម្បីកាត់បន្ថយអំណាចរបស់ប្រព័ន្ធតុលាការ៕