(កៀវ)៖ កងទ័ពអាកាសអ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកានេះថា រុស្ស៉ីបានប្រើប្រាស់យន្តហោះដ្រូន យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងការវាយប្រហារពេញមួយយប់កន្លងទៅនេះ មកលើអ៊ុយក្រែន ដោយបង្កឱ្យខូចខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធថាមពល តាមតំបន់មួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ដោយសំដៅទីលើដ្រូនអ៉ីរ៉ង់ កងទ័ពអាកាសអ៊ុយក្រែនបញ្ជាក់ថា ការវាយប្រហារកាលពីយប់មិញ សត្រូវប្រើប្រាស់ដ្រូន Shahed និងប្រភេទផ្សេងទៀតសរុបចំនួន ១៨៨គ្រឿង។ កងកម្លាំងការពារដែនអាកាស បាញ់ទម្លាក់ដ្រូនរុស្ស៉ីបាន ៧៦គ្រឿង នៅទូទាំង ១៧តំបន់ ខណៈដែល ៩៥គ្រឿងផ្សេងទៀតបានបាត់ចេញពីរ៉ាដា ឬធ្លាក់ ដោយសារប្រព័ន្ធរំខានអេឡិចត្រូនិច។ ទីក្រុងមូស្គូ ក៏បានបាញ់មីស៉ីលបាលីស្ទីគ Iskander-M ចំនួន ៤គ្រាប់ផងដែរ។ តាមសេចក្តីថ្លែងការណ៍របស់កងទ័ពអាកាស «ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរងការវាយប្រហារ ខូចខាតអគារឯកជន និងផ្ទះល្វែងក្នុងតំបន់ជាច្រើន ដោយសារតែការវាយប្រហារនេះ»។
គួរបញ្ជាក់ថា រុស្ស៉ី និងអ៊ុយក្រែន បាននិងកំពុងបង្កើនការប្រើប្រាស់ដ្រូន និងមីស៉ីលដូចគ្នា ដោយអ៊ុយក្រែន ទើបនឹងបាញ់មីស៉ីលរយៈចម្ងាយឆ្ងាយ របស់អាមេរិកទៅលើរុស្ស៉ី ហើយវិមានក្រឹមឡាំងសងសឹកវិញ ជាមួយនិងមីស៉ីលបាលិស្ទីគល្បឿនលឿនជាងសំលេង៕