(អ៉ីតាលី)៖ ប្រមុខគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយនៅថ្ងៃអង្គារនេះថា អ៉ីស្រាអែលមិនមានហេតុផលអ្វីទៀតឡើយ ដើម្បីប្រកែកមិនទទួលយក សំណើបទឈប់បាញ់សម្រាប់សង្រ្គាមនៅប្រទេសលីបង់ ដែលសម្រុះសម្រួលដោយបារាំង និងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

នាពេលនេះ អ៉ីស្រាអែល កំពុងត្រៀមខ្លួនដើម្បីពិចារណាថា តើគួរឬមិនគួរទទួលយកសំណើបទឈប់បាញ់ ក្នុងសង្រ្គាមរបស់ខ្លួន ជាមួយក្រុមហេសបូឡាលីបង់ បន្ទាប់ពីវាបានផ្ទុះឡើង កាលពីចុងខែកញ្ញាកន្លងទៅ។ ថ្លែងអំឡុងកិច្ចប្រជុំក្រុមរដ្ឋមន្រ្តីការបរទេស G7 នៅឯប្រទេសអ៉ីតាលី លោក Borrell បានលើកឡើងដូច្នេះថា «ឥឡូវ មានសំណើបទឈប់បាញ់នៅលើតុ សម្រេចបានដោយបារាំងនិងសហរដ្ឋអាមេរិក ដែលផ្តល់នូវការធានាសន្តិសុខគ្រប់បែបយ៉ាង ដែលអ៉ីស្រាអែលបានទាមទារចង់បាន។ ដូច្នេះហើយ វាមិនមានលេសអ្វីទៀត ដែលត្រូវបដិសេធ សំណើបទឈប់បាញ់នេះឡើយ»

លោកប្រមុខការទូត EU បានបង្ហាញសុទិដ្ឋិនិយមថា «សង្ឃឹមថា នៅថ្ងៃនេះ រដ្ឋាភិបាលនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu នឹងអនុម័តទទួលយក កិច្ចព្រមព្រៀងឈប់បាញ់នោះ ពោលគឺចូរកុំមានលេស កុំមានការទាមទារអ្វី​បន្ថែមទៀត។ ចូរនាំគ្នាបញ្ចប់ការប្រយុទ្ធគ្នានេះ... បញ្ចប់ការសម្លាប់ជីវិតមនុស្ស»

ជម្លោះនៅលីបង់ បានផ្ទុះឡើងជាសង្រ្គាមពេញទំហឹង បន្ទាប់ពីរយៈពេលប្រមាណជិត ១ឆ្នាំ នៃការបាញ់ផ្លោងដាក់គ្នា​ឆ្លងព្រំដែនរវាងក្រុមហេសបូឡា និងអ៉ីស្រាអែល។ ក្រុមហេសបូឡា បានចាប់ផ្តើមបាញ់រ៉ុក្កែត ចូលភាគខាងជើងអ៉ីស្រាអែល កាលពី​ខែតុលា ឆ្នាំ២០២៣ ដើម្បីបង្ហាញការគាំទ្រដល់សម្ព័ន្ធមិត្តរបស់ខ្លួន គឺក្រុមហាម៉ាសប៉ាឡេស្ទីន។ ក្រុមហាម៉ាស បានធ្លាក់ចូលក្នុង​សង្រ្គាមជាមួយអ៉ីស្រាអែល នៅតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធនេះ បានឆ្មក់វាយប្រហារទ្រង់ទ្រាយធំ ចូលភាគខាងត្បូង​ប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន។

គួរបញ្ជាក់ថា សម្រាប់សង្រ្គាមនៅលីបង់ ខាងលីបង់បានអះអាងថា មានមនុស្សយ៉ាងហោច ៣ ៧៦៩នាក់បានស្លាប់ គិតចាប់តាំងពី​ខែតុលា ឆ្នាំ២០២៣ ប៉ុន្តែភាគច្រើន នៃចំនួនអ្នកស្លាប់ទាំងនោះ គឺចាប់តាំងពីខែកញ្ញា ឆ្នាំនេះ។ ចំណែកនៅខាងអ៉ីស្រាអែលវិញ អាជ្ញាធរបានអះអាងថា មានទាហាន៨២នាក់ និងជនស៉ីវិល៤៧នាក់ បានបាត់បង់ជីវិត ក្នុងជម្លោះរវាងភាគីទាំងពីរ៕