(ប៉េកាំង)៖ ប៉ុន្មានថ្ងៃកន្លងទៅនេះ កិច្ចប្រជុំកំពូល G20 ដែលបើកធ្វើនៅក្រុងរីយ៉ូដឺចេណេរ៉ូ បានទាក់ទាញក្រសែចក្ខុរបស់ពិភពលោក ។ សហគមន៍អន្តរជាតិសុទ្ធតែគិតពិចារណាថា ចេញដំណើរជាថ្មីម្តងទៀតពីក្រុងរីយ៉ូដឺចេណេរ៉ូ តើមនុស្សជាតិត្រូវកសាងពិភពលោកបែបណា? តើត្រូវកសាងពិភពលោកមួយនេះយ៉ាងម៉េច ? តើប្រទេស G20 ត្រូវដើរតួនាទីយ៉ាងណា? លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ដែលបានផ្តល់ចម្លើយយ៉ាងច្បាស់លាស់ ចំពោះបញ្ហាទាំងនេះ។
“ការកសាងពិភពលោកយុត្តិធម៌និងអភិវឌ្ឍន៍រួម ” “ការពួតដៃគ្នាបង្កើតប្រព័ន្ធអភិបាលកិច្ចសកល ប្រកបដោយយុត្តិធម៌ និងសមហេតុផល” ក្នុងកិច្ចប្រជុំកំពូល លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមដ៏សំខាន់ ក្នុងន័យជំរុញការអភិវឌ្ឍរួមរបស់បណ្តាប្រទេសនានា ហើយបានប្រកាសពីប្រតិបតិ្តការ៨ចំណុចរបស់ចិន ដើម្បីគាំទ្រការអភិវឌ្ឍសកល។ ព្រមពេលជាមួយគ្នានេះ លោក Xi Jinping បានបកស្រាយពន្យល់ដោយ គ្រប់ជ្រុងជ្រោយពីទស្សនៈអភិបាលកិច្ចសកល លើវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ឌីជីថលនិងអេកូបរិស្ថានជាដើម ដែលបានញ៉ាំងឱ្យភាគីនានាក្នុងអង្គប្រជុំ មានចំណាប់អារម្មណ៍យ៉ាងទូលំទូលាយ។
ការអភិវឌ្ឍរួមរបស់អ្នកទាំងអស់គ្នា ទើបជាការអភិវឌ្ឍដ៏ពិតប្រាកដ។ ដើម្បីកសាងពិភពលោកដ៏យុត្តិធម៌ ដែលអាចអភិវឌ្ឍរួមគ្នា ជានិច្ចិកាល ប្រទេសចិនតែងតែខិតខំប្រឹងប្រែង ដើម្បីជំរុញតម្កល់ទុក ការអភិវឌ្ឍជាចម្បង ក្នុងរបៀបវារៈសេដ្ឋកិច្ចពាណិជ្ជកម្មអន្តរជាតិ។ ក្នុងកិច្ចប្រជុំកំពូល G20 លោក Xi Jinping បានលើកឡើងសំណើ៤ចំណុចទៀត ដែលពាក់ព័ន្ធដល់ពាណិជ្ជកម្ម ការបណ្តាក់ទុន អរិយធម៌អេកូឡូស៊ី បរិយាកាសកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចអន្តរជាតិ និងការប្រកាន់ខ្ជាប់ពហុភាគីនិយមជាដើម។ ប្រការនេះ បានបង្ហាញពីគំនិតផ្តួចផ្តើមជាប់រហូតរបស់ចិន ពិភពលោកដែលមានវិបុលភាព និងស្ថិរភាព មិនអាចបង្កើតឡើងលើមូលដ្ឋានអ្នកក្រកាន់តែក្រ និងអ្នកមានកាន់តែមាននោះឡើយ បណ្តាប្រទេសនានាគួរតែជំរុញការអភិវឌ្ឍសកល ដែលកាន់តែបរិយាប័ន្ន កាន់តែផ្តល់ផលប្រយោជន៍ជាទូទៅ និងកាន់តែមានភាពធន់។
ទន្ទឹមនឹងនេះ ប្រទេសចិនបានប្រកាសប្រតិបតិ្តការ៨ចំណុច ដើម្បីគាំទ្រការអភិវឌ្ឍសកល ក្នុងនោះបូករួមទាំងកិច្ចសហប្រតិបតិ្តការ ជាក់ស្តែងលើគ្រប់វិស័យ ដូចជាការពួតដៃគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ ការកាត់បន្ថយភាពក្រីក្រី យ៉ាងស៊ីជម្រៅ សន្តិសុខស្បៀង និងសេដ្ឋកិច្ចឌីជីថល គាំទ្រការអភិឌ្ឍរបស់ទ្វីបអាហ្វ្រិក ពង្រីកការបើកទូលាយ ដោយឯកតោភាគី ចំពោះប្រទេសអភិវឌ្ឍតិចតួច មានខ្លឹមសារលម្អិតនិងជាក់ស្តែង។ ប្រទេសចិនបានសម្រេចទៀតថា នឹងចូលរួម “សហព័ន្ធសកលទប់ទល់នឹងការអត់ឃ្លាន និងភាពក្រីក្រ ”ដែលលើកឡើងដោយប្រទេសប្រេស៊ីលជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ។ ប្រការទាំងនេះ បានបង្ហាញយ៉ាងពេញលេញថា កិច្ចការដែលប្រទេសចិនធ្វើ គឺខិតខំប្រឹងប្រែងជាមួយបណ្តាប្រទេសនានា ធ្វើឱ្យភាពក្រីក្រកន្លងផុតទៅ នឹងសម្រេចបាននូវចក្ខុវិស័យដ៏ល្អបវរ។
ការសម្រេចបាននូវការអភិវឌ្ឍរួម មិនអាចឃ្លាតពីសុក្រឹតភាពរបស់អភិបាលកិច្ចសកល។ ក្នុងកិច្ចប្រជុំកំពូលលើកនេះ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមជាក់ស្តែង ស្ដីពីអភិបាលកិច្ចលើ វិស័យដូចជា សេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ឌីជីថល និងបរិស្ថានអេកូឡូស៊ីជាដើម ដោយសង្កត់ធ្ងន់លើការបង្កើតសេដ្ឋកិច្ចសកល បែបសហប្រតិបតិ្តការ ស្ថិរភាព បើកទូលាយ ច្នៃប្រឌិតថ្មីនិងបរិស្ថានអេកូឡូស៊ី។ ប្រការទាំងនេះបានធ្វើគម្រោងយ៉ាងលម្អិត អំពីការកែលំអអភិបាលកិច្ចសកល ។
ចេញដំណើងជាថ្មីម្តងទៀតពីក្រុងរីយ៉ូដឺចេណេរ៉ូ ប្រទេស G20 គួរតែធ្វើជាកម្លាំងជំរុញសុក្រឹតភាពរបស់អភិបាលកិច្ចសកល និងជំរុញវឌ្ឍនភាពរបស់ប្រវត្តិសាស្ត្រជាបន្តទៀត។ ក្នុងនាមជាសមាជិកដ៏សំខាន់មួយ ប្រទេសចិននឹងបន្តជំរុញជាបន្តបន្ទាប់ នូវពហុប៉ូលភាវូបនីយកម្មដ៏ស្មើភាពនិងមានរបៀបរៀបរយ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ ផលប្រយោជន៍ជាទូទៅ និងប្រកបដោយបរិយាបន្ន ដើម្បីបន្សល់ទុក “ស្លាកស្នាមរបស់ចិន” និងរួមចំណែក “កម្លាំងរបស់ចិន” ក្នុងដំណើរសម្រេចបាន នូវការអភិវឌ្ឍរួម និងធ្វើសុក្រឹតភាពនៃអភិបាលកិច្ចជាសកល៕
វិទ្យុមិត្តភាពកម្ពុជាចិន