(អាថែន)៖ នាយករដ្ឋមន្រ្តីក្រិក លោក Kyriakos Mitsotakis នៅថ្ងៃអង្គារនេះ បានអំពាវនាវឱ្យសហភាពអឺរ៉ុប (EU) ពង្រឹងតួនាទីការពារជាតិ និងឧស្សាហកម្មអាវុធរបស់ខ្លួន ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការជាមួយអង្គការណាតូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំមួយ ជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នៅទីក្រុងអាថែន នៅថ្ងៃអង្គារសប្តាហ៍នេះ។
លោក Mitsotakis បាននិយាយដូច្នេះថា «យើងបានយល់ព្រមលើអាទិភាពជាមូលដ្ឋានមួយសម្រាប់សម្ព័ន្ធមិត្តទាំងអស់ តម្រូវការក្នុងការជំរុញការការពាររួមរបស់យើង គោលដៅដែលតម្រូវឱ្យមានឧស្សាហកម្មការពារដ៏រឹងមាំ ការវិនិយោគសំខាន់ៗ ... និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាងរវាង EU និង NATO»។
លោក Mitsotakis បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការវិនិយោគក្នុងវិស័យការពារជាតិ និងការពង្រឹងឧស្សាហកម្មអាវុធ ដើម្បីឱ្យ EU មានសមត្ថភាពការពារខ្លួន និងឆ្លើយតបទៅនឹងការគំរាមកំហែង ជាពិសេសបន្ទាប់ពីការលុកលុយរបស់រុស្ស៊ី មកលើអ៊ុយក្រែន កាលពីឆ្នាំ ២០២២។ ក្រិក ដែលជាសមាជិក EU និង NATO បានចំណាយប្រាក់ប្រមាណ ៣% នៃ GDP របស់ខ្លួនលើវិស័យការពារជាតិ ជារៀងរាល់ឆ្នាំ។ ប៉ុន្តែ ការចំណាយលើវិស័យការពារជាតិរបស់ EU ទាំងមូល នៅមានកម្រិតទាបបើប្រៀបធៀបទៅនឹងតម្រូវការ។
លោក Mitsotakis ក៏បានស្នើឱ្យមានការកែលម្អ កិច្ចសហប្រតិបត្តិការរវាង EU និង NATO ដើម្បីពង្រឹងសមត្ថភាពការពាររួម។ គ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានសម្តែងការគាំទ្រ ចំពោះការអំពាវនាវនេះ និងបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបន្តគាំទ្រដល់អ៊ុយក្រែន។
ក្រិក ក៏បានប្តេជ្ញាចិត្ត ក្នុងការកែទម្រង់កងទ័ព និងឧស្សាហកម្មការពារជាតិរបស់ខ្លួន និងកំពុងពិភាក្សាជាមួយអ៊ីស្រាអែល ដើម្បីបង្កើតប្រព័ន្ធការពារមីស៊ីល៕