(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងនៅថ្ងៃអង្គារនេះថា អ៊ុយក្រែនបានវាយប្រហារប្រទេសរុស្ស៊ីជាមួយនឹងមីស៊ីល ATACMS ដែលផលិតដោយសហរដ្ឋអាមេរិកចំនួនពីរដង ក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ការវាយប្រហារទាំងពីរ បានកំណត់គោលដៅទៅលើតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែន។ ការវាយប្រហារលើកទីមួយបានកើតឡើងនៅថ្ងៃទី ២៣ ខែវិច្ឆិកា ដោយបំផ្លាញប្រព័ន្ធរ៉ាដា នៃប្រព័ន្ធការពារដែនអាកាស S-400។ ចំណែកឯ ការវាយប្រហារលើកទីពីរ បានកើតឡើងនៅថ្ងៃទី ២៥ ខែវិច្ឆិកា ដោយកំណត់គោលដៅទៅលើអាកាសយានដ្ឋាន Kursk-Vostochny និងបណ្តាលឱ្យទាហានពីរនាក់រងរបួស។

ទន្ទឹមគ្នានេះ រុស្ស៉ីបានបន្ថែមថា ខ្លួនកំពុងរៀបចំវិធានការសងសឹងវិញ​ ចំពោះការវាយប្រហារទាំងនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះ ក្រសួងការពារជាតិរុស្ស៉ីបាននិយាយថា «ក្រសួងកំពុងគ្រប់គ្រងស្ថានការណ៍ និងរៀបចំរៀបចំវិធានការសងសឹក»