(ឡុងដ៍)៖ កងទ័ពអាកាសអាមេរិកបានបញ្ជាក់ថា យន្តហោះដ្រូនមិនស្គាល់អត្តសញ្ញាណ ត្រូវបានគេប្រទះឃើញនៅមូលដ្ឋានទ័ពអាកាសអាមេរិក ចំនួនបីកន្លែងក្នុងប្រទេសអង់គ្លេស ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
អ្នកនាំពាក្យកងទ័ពអាកាសអាមេរិក បានបញ្ជាក់ នៅក្នុងការឆ្លើយតបតាមអ៊ីមែល ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា «ប្រព័ន្ធអាកាសគ្មានមនុស្សបើកខ្នាតតូច ត្រូវបានគេប្រទះឃើញនៅក្នុងតំបន់ជុំវិញនិងពីលើមូលដ្ឋានទ័ព RAF Lakenheath, RAF Mildenhall និង RAF Feltwell ចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកាដល់ថ្ងៃទី ២៦ ខែវិច្ឆិកា»។
ក្រសួងការពារជាតិអង់គ្លេស បានបញ្ជាក់ថា ខ្លួនកំពុងចាត់វិធានការដើម្បីទប់ទល់នឹងស្ថានការណ៍នេះ និងកំពុងសហការជាមួយកងទ័ពអាកាសអាមេរិកដើម្បីស៊ើបអង្កេត។
គួរបញ្ជាក់ថា ហេតុការណ៍នេះបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាព នៅមូលដ្ឋានទ័ពអាកាស និងលទ្ធភាពនៃការចារកម្ម ឬការវាយប្រហារ ដោយយន្តហោះដ្រូនគ្មានមនុស្សបើក។ អាជ្ញាធរអង់គ្លេសនិងអាមេរិក កំពុងស៊ើបអង្កេតដើម្បីរកឱ្យឃើញអ្នកទទួលខុសត្រូវ នៃសកម្មភាពនេះ៕