(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយថាសហរដ្ឋអាមេរិក នឹងសហការជាមួយកងទ័ពលីបង់ ដើម្បីទប់ស្កាត់ការរំលោភបំពានលើបទឈប់បាញ់រវាងអ៉ីស្រាអែល និងហេសបូឡា ប៉ុន្តែនឹងមិនមានវត្តមានកងទ័ពអាមេរិកនៅតំបន់ជម្លោះនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មន្ត្រីអាមេរិករូបនេះដដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកាថាកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់រវាងអ៉ីស្រាអែល និងហេសបូឡា គឺជា game-changer ឬអាច ដោះស្រាយបញ្ហាបានយ៉ាងល្អ ហើយក៏បង្ហាញក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សាដែរថាជម្លោះនៅលីបង់ និងហ្កាហ្សា មិនមានជាប់ពាក់ព័ន្ធគ្នានោះទេ។ បទឈប់បាញ់មួយរវាងអ៉ីស្រាអែល និងហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ បានចូលជាធរមានហើយ នៅម៉ោង៤ព្រឹក នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកានេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ប្រកាសថា ភាគីទាំង២ បានយល់ព្រមទទួលយកកិច្ចព្រមព្រៀងមួយក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក និងបារាំង។
គួរបញ្ជាក់ថា បើតាមលោក បៃដិន បទឈប់បាញ់រវាងអ៉ីស្រាអែល និងហេសបូឡា គឺមានរយៈពេល៦០ថ្ងៃ ហើយក្នុងរយៈពេលនេះ អ៉ីស្រាអែលនឹងត្រូវដកកងទ័ពបន្តិចម្ដងៗចេញពីតំបន់ ភាគខាងត្បូង នៃប្រទេសលីបង់។ រីឯកងទ័ពលីបង់នឹងត្រូវគ្រប់គ្រងទឹកដីនៅក្បែរព្រំដែនជាមួយអ៉ីស្រាអែល ដើម្បីធានាថាហេសបូឡានឹងមិនអាចកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញ នៅទីនោះបាន៕