(ញូវដេលី)៖ Google បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ក្រុមហ៊ុនរបស់ខ្លួនកំពុងជួយអាជ្ញាធរឥណ្ឌា ស៉ើបអង្កេតទៅលើការស្លាប់បុរស ៣នាក់ ដែលត្រូវបានគេរាយការណ៍ថា បានបើកឡានចេញពីស្ពានមិនទាន់ជួសជុលរួច តាមការណែនាំរបស់ Google Maps។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។

បុរសទាំង ៣នាក់នោះបានធ្វើដំណើរទៅចូលរួមពិធីមង្គលការ នៅរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា ហើយរថយន្តរបស់ពួកគេក្រោយមក ក៏បានធ្លាក់ពីស្ពានដែលជួសជុលមិនទាន់ហើយ ចូលទៅក្នុងទន្លេ Ramganga កាលពីថ្ងៃអាទិត្យ។ បើតាមប៉ូលិស ស្ពាន​មួយ​ផ្នែក​បាន​រង​ការ​ខូចខាត​ អំឡុង​ពេល​មាន​ទឹកជំនន់​កាលពី​ឆ្នាំ​មុន។

កាសែត Hindustan Times បានដកស្រង់សម្តីមន្រ្តីប៉ូលិសនិយាយថា តៃកុងឡានបានបើកតាមផ្លូវដែលបង្ហាញដោយ Google Maps។ ចំណែកទីភ្នាក់ងារព័ត៌មាន Press Trust of India news រាយការណ៍ថា ប៉ូលិស​កំពុងសាកសួរ​មន្ត្រី​​ម្នាក់​អំពី​ Google Maps ព្រម​ទាំង​អ្នក​ផ្សេង​ទៀត​មក​ពី​មន្ទីរ​សាធារណការ​របស់​រដ្ឋាភិបាល។

គួរបញ្ជាក់ថា គ្រោះថ្នាក់នេះបានកើតឡើងមួយឆ្នាំ បន្ទាប់ពីមានវេជ្ជបណ្ឌិតពីរនាក់ស្លាប់ នៅក្នុងរដ្ឋ Kerala ភាគខាងត្បូង នៅពេលដែលរថយន្តពួកគេ ធ្លាក់ចូលទៅក្នុងទន្លេ Periyar ដោយកាលណោះពួកគេក៏បានប្រើប្រាស់ Google Maps ដែរ៕