(ញូវយ៉ក)៖ បេសកកម្មរបស់អង្គការសហប្រជាជាតិ ប្រចាំអាហ្វហ្កានីស្ថាន បានអះអាងថា ក្រុមតាលីបង់ដែលកំពុងកាន់អំណាច បានឃុំខ្លួនអ្នកកាសែតតាមអំពើចិត្ត ២៥៦លើកមកហើយ ក្រោយត្រលប់មកកាន់កាប់ប្រទេសនេះកាលពី៣ឆ្នាំមុន និងបានជំរុញដល់អាជ្ញាធរនៅទីនោះ ជួយការពារប្រព័ន្ធផ្សព្វផ្សាយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។
បេសកកម្មប្រចាំអាហ្វហ្កានីស្ថាន និងការិយាល័យសិទ្ធមនុស្ស UN បានឱ្យដឹងថា អ្នកកាសែតនៅអាហ្វហ្កានីស្ថាន ធ្វើការក្រោមលក្ខខណ្ឌដ៏ប្រឈម។ លោកស្រី Roza Otunbayeva អ្នកតំណាងពិសេសរបស់ប្រមុខ UN គូសបញ្ជាក់ថា «ជារឿយៗ ពួកគេប្រឈមមុខនឹងច្បាប់មិនប្រាកដប្រជា ជុំវិញអ្វីដែលពួកគេអាច និងមិនអាចរាយការណ៍បាន ហើយមានហានិភ័យនៃការបំភិតបំភ័យ និងឃុំខ្លួនតាមអំពើចិត្តចំពោះអ្វីដែលគេយល់ឃើញថា ជាការរិះគន់»។ លោកស្រី អំពាវនាវដល់អាជ្ញាធរមិនមែនតាលីបង់នៅអាហ្វហ្កានីស្ថាន ឱ្យជួយធានាសុវត្ថិភាព និងសន្តិសុខសម្រាប់អ្នកកាសែត ក៏ដូចជាអ្នកធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ហើយទទួលស្គាល់យ៉ាងពេញលេញ នូវសារៈសំខាន់របស់ស្រ្តីក្នុងវិស័យនេះ។
ជាការឆ្លើយតប ក្រសួងការបរទេសដឹកនាំដោយតាលីបង់ បានបដិសេធចាប់ខ្លួនអ្នកកាសែតក្នុងចំនួននេះ ហើយថាអ្នកដែលត្រូវចាប់ខ្លួនបានប្រព្រឹត្តបទឧក្រិដ្ឋ។ ក្រសួងចាត់ទុករបាយការណ៍ UN ថាខុសឆ្ងាយពីការពិតជាក់ស្តែង ហើយថាកងកម្លាំងសន្តិសុខកំពុងធ្វើការ ដើម្បីការពារអ្នកកាសែត។ ចំណែកក្រសួងព័ត៌មានអាហ្វហ្គានីស្ថាន មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយទេ។
គួរបញ្ជាក់ថា ក្រុមតាលីបង់ បានត្រលប់មកគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានជាថ្មី កាលពីឆ្នាំ ២០២១ ដោយប្តេជ្ញាស្តារសន្តិសុខឡើងវិញ និងបានដាក់ចេញនូវច្បាប់តឹងរឹងនៃសាសនាឥស្លាមរបស់ពួកគេ។ បច្ចុប្បន្ន រដ្ឋបាលតាលីបង់ មិនត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលបរទេសនោះទេ ហើយអ្នកការទូតលោកខាងលិច និយាយថាដោយសារតែការរឹតត្បិតរបស់ពួកគេលើស្រ្តី៕