(សេអ៊ូល)៖ ទោះបីជាមានសំណើពីអ៊ុយក្រែន និងសម្ព័ន្ធមិត្តក៏ដោយ ក៏ប្រជាជនកូរ៉េខាងត្បូង ភាគច្រើននៅតែប្រឆាំង នឹងការផ្គត់ផ្គង់អាវុធទៅកាន់អ៊ុយក្រែន។ ការស្ទង់មតិបានបង្ហាញថា ប្រជាជនកូរ៉េខាងត្បូងមានការព្រួយបារម្ភ អំពីផលប៉ះពាល់អវិជ្ជមានដែលអាចកើតមាន ប្រសិនបើកូរ៉េខាងត្បូងចូលរួមក្នុងជម្លោះនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។
អ៊ុយក្រែនបានស្នើសុំជំនួយយោធាទីក្រុងសេអ៊ូល ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងត្បូងបានឆ្លើយតបថា ខ្លួនកំពុងពិចារណាលើសំណើទាំងនេះ ហើយការសម្រេចចិត្តណាមួយនឹងត្រូវធ្វើឡើងដោយផ្អែកលើស្ថានការណ៍ និងសកម្មភាពរបស់រុស្ស៊ី និងកូរ៉េខាងជើង។
ការិយាល័យប្រធានាធិបតី បានរាយការណ៍ឱ្យដឹងថា នៅថ្ងៃពុធសប្តាហ៍នេះគណៈប្រតិភូអ៊ុយក្រែនដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ លោក Rustem Umerov បានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ចំពេលមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថា ដំណើរទស្សនកិច្ចនេះមានគោលបំណងស្វែងរកការគាំទ្រផ្នែកសព្វាវុធ។
ចំពោះដំណើរទស្សនកិច្ចនេះ ក្រុមបាតុករបានប្រមូលផ្តុំគ្នា នៅខាងក្រៅការិយាល័យ របស់ប្រធានាធិបតី ដោយកាន់បដា ដែលសរសេរថា «ទេ! ចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលមានគម្រោងផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន»។
ការប្រឆាំងនេះ កើតឡើងទោះបីជាមានរបាយការណ៍ថា កូរ៉េខាងជើងកំពុងផ្គត់ផ្គង់អាវុធ និងទាហានដល់រុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែនក៏ដោយ។ លោក Yang Uk អ្នកវិភាគនៅវិទ្យាស្ថាន Asan សម្រាប់គោលនយោបាយបាននិយាយថា «ចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូង នឹងមានអត្ថប្រយោជន៍តិចតួចសម្រាប់ការបន្តគាំទ្រ (ជំនួយយោធា) នៅពេលដែលមានការគាំទ្រក្នុងស្រុកតិចតួច ហើយទំនាក់ទំនងជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកបន្ទាប់អាចនឹងកាន់តែយ៉ាប់យ៉ឺន»។
ការប្រឆាំងពីសាធារណជន និងការគំរាមកំហែងពីរុស្ស៊ីបានធ្វើឱ្យកូរ៉េខាងត្បូង មានការប្រុងប្រយ័ត្ន ក្នុងការសម្រេចចិត្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។ ទោះបីជាកូរ៉េខាងត្បូង ជាប្រទេសផលិតអាវុធដ៏សំខាន់ក៏ដោយ ក៏រដ្ឋាភិបាលនៅតែស្ទាក់ស្ទើរ ក្នុងការចូលរួមដោយផ្ទាល់ ក្នុងជម្លោះនេះ៕