(តៃប៉ិ)៖ យោធាតៃវ៉ាន់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកានេះបានដឹកនាំការធ្វើសមយុទ្ធការពារដែនអាកាស ដើម្បីធ្វើតេស្ដលើសមត្ថភាពឆ្លើយតបរបស់ខ្លួន នៅមុនដំណើរទស្សនកិច្ចរបស់ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ទៅកាន់ប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិក ក្នុងនោះអាចនឹងមានទាំងដំណើរឈប់សំចតលើដែនដីអាមេរិក នាចុងសប្ដាហ៍នេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ទីបញ្ជាការកងទ័ពអាកាសតៃវ៉ាន់ បានឱ្យដឹងថាសមយុទ្ធខាងលើប្រព្រឹត្តទៅដោយចំណាយពេល២ម៉ោង ចាប់ផ្ដើមពីម៉ោង៥ព្រឹក ដោយមានការចូលរួម ពីយន្ដហោះចម្បាំង នាវា និងប្រព័ន្ធខែលប្រឆាំងមីស៊ីល។ តាមទីបញ្ជាការកងទ័ពអាកាសតៃវ៉ាន់ សមយុទ្ធនេះដែរធ្វើឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការការពារដែនអាកាស និងដើម្បីធ្វើតេស្ដលើសមត្ថភាពឆ្លើយតបរបស់កងទ័ពអាកាសតៃវ៉ាន់។ «នៅចំពោះមុខការផ្លាស់ប្ដូរនៅក្នុងស្ថានការណ៍របស់សត្រូវ យើងនឹងបន្តពង្រឹងសមត្ថភាពការពារខ្លួនឯង តាមរយៈ ការអនុវត្តការបណ្ដុះបណ្ដាលគ្រប់ផ្នែក ដើម្បីត្រៀមលក្ខណៈទប់ទល់ជាមួយការគំរាមកំហែង និងបញ្ហាប្រឈមនានា ព្រមទាំងធានាឱ្យបាននូវសន្តិសុខដែនអាកាស»។ នេះជាការបន្ថែមរបស់ ទីបញ្ជាការកងទ័ពអាកាសតៃវ៉ាន់។
គួរបញ្ជាក់ថា កោះតៃវ៉ាន់ និងក្រុមមន្រ្តីសន្តិសុខក្នុងតំបន់ កាលពីថ្ងៃពុធសប្ដាហ៍នេះ បានវាយតម្លៃថា ចិនទំនងជានឹងធ្វើសមយុទ្ធយោធា ក្នុងពេលប៉ុន្មានថ្ងៃទៀត នៅក្បែរដែនកោះនេះ ដើម្បីឆ្លើយតបគម្រោងធ្វើទស្សនកិច្ចរបស់ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ទៅកាន់តំបន់ប៉ាស៉ីហ្វិក ដែលរួមមានការឆ្លៀតឈប់សំចត នៅទឹកដីរបស់សហរដ្ឋអាមេរិក។ លោក Lai នឹងចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសដែនកោះចំនួន៣ នៅប៉ាស៉ីហ្វិក ដែលជាសម្ព័ន្ធមិត្តការទូតរបស់ខ្លួន នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ហើយបើតាមប្រភពដែល Reuters ទទួលបាន រូបលោកក៏មានផែនការ ឆ្លៀតឈប់សំចតនៅកោះហាវ៉ៃ ឬមួយក៏កោះហ្កាំ របស់សហរដ្ឋអាមេរិក ផងដែរ៕