(Reuters)៖ ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៉ីប្រចាំអង្គការសហប្រជាជាតិ (UN) លោក Dmitry Polyanskiy កាលពីថ្ងៃពុធ ទី២៧ ខែវិច្ឆិកា បាននិយាយថាការសម្រេចចិត្តណាមួយដោយ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ ដើម្បីកាត់បន្ថយការគាំទ្រសម្រាប់អ៊ុយក្រែន គឺប្រៀបបានដូចជាការកាត់ទោសប្រហារជីវិតមួយលើកងទ័ពអ៊ុយក្រែន ខណៈចោទប្រកាន់ទីក្រុង កៀវថាកំពុងព្យាយាមអូសទាញឱ្យប្រទេសជាសមាជិក NATO​ ចូលរួមដោយផ្ទាល់ក្នុងជម្លោះជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខ UN លោក Dmitry Polyanskiy ក៏បានចោទប្រកាន់ដែរថារដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក ចូ បៃដិន កំពុងព្យាយាមតាមរយៈការបង្កើនការគាំទ្រ ដល់អ៊ុយក្រែន ដើម្បីបង្កភាពស្មុគស្មាញដល់រុស្ស៉ី និងអនាគតរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ហើយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មានការភិតភ័យចំពោះការវិលត្រឡប់ របស់លោក ដូណាល់ ត្រាំ នៅខែមករាខាងមុខ។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters លោក ដូណាល់ ត្រាំ កំពុងពិចារណាតែងតាំងលោក Keith Kellogg ជាឧត្តមសេនីយ៍ចូលនិវត្តន៍ម្នាក់ដែលបានធ្វើបទបង្ហាញដល់រូបលោកអំពី ផែនការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនជាបេសកជនពិសេសសម្រាប់សង្រ្គាមនៅអ៊ុយក្រែន។ ផែនការរបស់លោក Kellogg ដើ​ម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ត្រូវបានរាយការណ៍ថា ក្នុងនោះមានទាំង ការបញ្ឈប់ការប្រយុទ្ធគ្នា នៅត្រឹមបន្ទាត់សមរភូមិសព្វថ្ងៃ ហើយទើបបង្ខំឱ្យទីក្រុងកៀវ និងទីក្រុងមូស្គូ ត្រឡប់មករកតុចរចា។ តាមរយៈផែនការនេះ វាហាក់មានន័យស្មើនឹងឱ្យអ៊ុយក្រែន បោះបង់ចោលទឹកដីរបស់ខ្លួនដែលកងទ័ពរុស្ស៉ីកំពុងកាន់កាប់។ ប៉ុន្តែ លោក ហ្សេលេនស្គី ធ្លាប់បានបញ្ជាក់ម្ដងហើយម្ដងទៀតថាអ៊ុយក្រែននឹងមិនព្រមកាត់ទឹកដីឱ្យរុស្ស៉ីនោះទេ៕