(សេអ៊ូល)៖ នាថ្ងៃព្រហស្បតិ៍នេះ ប្រទេសកូរ៉េខាងត្បូង កំពុងតែបន្តទទួលរងបាតុភូតព្រិលធ្លាក់យ៉ាងខ្លាំងក្លា រយៈពេល២ថ្ងៃជាប់គ្នា ដោយមនុស្សយ៉ាងហោច៤នាក់ ត្រូវរាយការណ៍ថា បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ព្រិលធ្លាក់រដូវរងាខាងលើ គឺជាការធ្លាក់ព្រិលមានកម្រិតខ្លាំងក្លាបំផុតលំដាប់ទី៣ នៅក្នុងរដ្ឋធានីសេអ៊ូល គិតតាំងពីការធ្វើកំណត់ត្រា បានចាប់ផ្តើម កាលពីឆ្នាំ១៩០៧ មក។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ព្រិលនៅផ្នែកខ្លះនៃទីក្រុងសេអ៊ូល បានកើនដល់កម្រាស់ប្រមាណជាង ៤០សង់ទីម៉ែត្រ។ ក្រៅពីបង្កឱ្យមានមនុស្សស្លាប់ ការធ្លាក់ព្រិលនោះ បានបង្ខំឱ្យជើងហោះហើរជាង ១៤០ជើងត្រូវលុបចោល ហើយប្រតិបត្តិការរបស់ស្រឡាងចម្លងជិត ១០០គ្រឿង ត្រូវបានផ្អាក។

គួរបញ្ជាក់ថា ការធ្លាក់ព្រិលនាខែវិច្ឆិកា ដែលខ្លាំងខុសពីធម្មតានេះ គឺបណ្តាលមកពីសីតុណ្ហភាពកើនឡើងខ្ពស់ជាងធម្មតា នៃទឹកសមុទ្រនៅភាគខាងលិចឧបទ្វីបកូរ៉េ មានប្រតិកម្មជាមួយ ចរន្តខ្យល់ត្រជាក់។ ចំណែក ប្រទេសកូរ៉េខាងជើងវិញ ក៏បានទទួលរងព្រិលធ្លាក់កម្រាស់ជាង១០សង់ទីម៉ែត្រផងដែរ នៅតំបន់មួយចំនួន កាលពីចន្លោះថ្ងៃអង្គារនិងថ្ងៃពុធសប្តាហ៍នេះ៕