(វ៉ាស៉ីនតោន)៖ មន្រ្តីអាមេរិក២រូប បានបង្ហើបឱ្យដឹង កាលពីថ្ងៃពុធសប្តាហ៍នេះថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងត្រៀមកញ្ចប់ជំនួយសព្វាវុធថ្មីមួយទៀត មានទំហំ៧២៥លានដុល្លារ សម្រាប់អ៊ុយក្រែន ស្របពេលដែលរដ្ឋាភិបាលរបស់លោក កំពុងព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីជួយពង្រឹងទីក្រុងកៀវ មុនចាកចេញពីអំណាច នៅដើមឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ប្រភពខាងលើបាននិយាយថា រដ្ឋបាលលោក បៃដិន គ្រោងផ្តល់សព្វាវុធចម្រុះសម្រាប់ប្រឆាំងរថក្រោះ ពីក្នុងឃ្លាំងរបស់យោធាអាមេរិក ដើម្បីជួយអ៊ុយក្រែន បន្ថយល្បឿន នៃភាពរីកចម្រើនទៅមុខ របស់កងកម្លាំងរុស្ស៉ី នៅលើសមរភូមិ ក្នុងនោះរួមមានទាំងគ្រាប់មីន ដ្រូន មីស៉ីល Stinger និងគ្រាប់សម្រាប់ប្រព័ន្ធរ៉ុក្កែត HIMARS ជាដើម។

ទំហំកញ្ចប់ជំនួយសព្វាវុធថ្មីខាងលើ គឺជាការកើនឡើងគួរកត់សម្គាល់មួយ ធៀបទៅនឹងកញ្ចប់ជំនួយយោធា ដែលលោក បៃដិន បានប្រកាសផ្តល់ឱ្យទៅអ៊ុយក្រែន ដោយប្រើអំណាច Presidential Drawdown Authority ឬ PDA មួយរយៈកន្លងមក។ PDA អនុញ្ញាតឱ្យសហរដ្ឋអាមេរិក ដកយកសព្វាវុធដែលមានស្រាប់ នៅក្នុងឃ្លាំងរបស់យោធាអាមេរិកផ្ទាល់ ដើម្បីយកទៅជួយសម្ព័ន្ធមិត្ត ក្នុងគ្រាបន្ទាន់។

គួរបញ្ជាក់ថា ការប្រកាសកញ្ចប់ជំនួយយោធា ក្រោមក្របខណ្ឌ PDA មួយរយៈកន្លងមកនេះ គឺជាទូទៅមានទំហំត្រឹមចន្លោះពី ១២៥លានដុល្លារ ដល់២៥០លានដុល្លារ។ លោក បៃដិន នៅសល់ PDA ចន្លោះ៤-៥ពាន់លានដុល្លារទៀត ដែលត្រូវបានអនុម័តពីសភា ដែលរូបលោកត្រូវបានរំពឹងថា នឹងប្រើប្រាស់ឱ្យអស់ មុនពេលប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥៕