(វ៉ាស៉ីនតោន)៖ ប៉ូលិស FBI បានឱ្យដឹងថា សមាជិកមួយចំនួនៃអនាគតរដ្ឋបាលលោក ដូណាល់ ត្រាំ បានទទួលការគំរាមកំហែង រួមទាំងការបំភ័យថានឹងមានគ្រាប់បែកផ្ទុះ ដោយបេក្ខភាពមន្រ្តីបានម្នាក់រាយការណ៍ថា គ្រាប់បែកកែច្នៃត្រូវបានផ្ញើមក ជាមួយនិងសារគាំទ្រប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិ ប្រធានទីភ្នាក់ងារការពារបរិស្ថានជាតិ និងអគ្គមេធាវីរបស់សហរដ្ឋអាមេរិក ដែលលោក ត្រាំ នឹងតែងតាំងនាពេលខាងមុខ និយាយថា ពួកគេក៏ស្ថិតក្នុងចំណោមអ្នក ដែលទទួលបានការគំរាមកំហែង។ លោកស្រី Karoline Leavitt អ្នកនាំពាក្យនៃអនាគតរដ្ឋបាល លោក ត្រាំ​ ក៏បានឱ្យដឹងដែរថា មន្រ្តី និងបេក្ខភាពមន្រ្តីជាច្រើនរូប ត្រូវបានគេកំណត់គោលដៅដោយហិង្សា គំរាមកំហែងអាយុជីវិត រួមទាំងអ្នកផ្ទះពួកគេផងដែរ។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា «FBI ដឹងពីការគម្រាមកំហែងដោយគ្រាប់បែកជាច្រើន និងឧបទ្ទវហេតុសំដៅលើមន្រ្តីថ្មីៗ ហើយយើងកំពុងធ្វើការ ជាមួយដៃគូអនុវត្តច្បាប់»

គួរបញ្ជាក់ថា ករណី Swatting ដែលសំដៅលើសកម្មភាពបន្លំប្តឹងប៉ូលិស ឱ្យចុះអន្តរាគមន៍ផ្ទះប្រជាពលរដ្ឋ គឺជារឿងធម្មតានៅអាមេរិក ហើយត្រូវបានគេមើលឃើញថា កើតឡើងច្រើនលើឥស្សរជននយោបាយជាន់ខ្ពស់ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ៕