(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងប៉េកាំង បានទាត់ចោលទាំងស្រុង សេចក្តីរាយការណ៍ព័ត៌មាន ដែលថារដ្ឋមន្រ្តីការពារជាតិចិន លោក Dong Jun កំពុងស្ថិតក្រោមការស៉ើបអង្កេតអំពើពុករលួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងសេចក្តីថ្លែងការណ៍មួយ លោក Wu Qiang អ្នកនាំពាក្យក្រសួងការពារជាតិចិន បានចាត់ទុក សេចក្តីរាយការណ៍ដូចខាងលើ ថាជាព័ត៌មានប្រឌិតសុទ្ធសាធ។ លោក Wu បាននិយាយដូច្នេះថា «ពួកឈ្មួញពាក្យចចាមអារ៉ាម គឺមានចេតនាអាក្រក់។ ចិនសូមបង្ហាញការមិនពេញចិត្តជាខ្លាំង ចំពោះអាកប្បកិរិយាបង្កាច់បង្ខូចបែបនេះ»។ នាឱកាសនោះ លោក Wu បានបន្ថែមទៀតថា មន្រ្តីយោធាជាន់ខ្ពស់ចិនម្នាក់ គឺលោក Miao Hua ត្រូវបានព្យួរតំណែង និងកំពុងស្ថិតក្រោមការស៉ើបអង្កេត ដោយសារល្មើសបទវិន័យធ្ងន់ធ្ងរ ខណៈវាគឺជាការបំពាន ដែលទីក្រុងប៉េកាំងតែងតែនិយមប្រើ សំដៅលើអំពើពុករលួយ។
គួរបញ្ជាក់ថា លោក Dong Jun ត្រូវបានតែងតាំងជា រដ្ឋមន្រ្តីការពារជាតិចិន កាលពីខែធ្នូ ឆ្នាំ២០២៣ ជំនួសលោក Li Shangfu ដែលត្រូវបានដកចេញពីតំណែង ក្រោយកាន់តួនាទីបានត្រឹម ៧ខែ។ លោក Li និងលោក Wei Fenghe ដែលជារដ្ឋមន្រ្តីការពារជាតិចិន មុនលោក ត្រូវបានដកហូតតំណែង និងបណ្តេញចេញពីបក្សកុម្មុយនិស្តចិន ពាក់ព័ន្ធអំពើពុករលួយ៕