(កៀវ)៖ ការវាយប្រហារដ៏ធំលើទី ២របស់រុស្ស៉ីក្នុងខែនេះ ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន បានបណ្តាលឱ្យឆាបឆេះ និងកាត់ផ្តាច់អគ្គិសនីទូទាំងប្រទេស ប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។

រដ្ឋមន្រ្តីថាមពលអ៊ុយក្រែន លោក German Galushchenko បានឱ្យដឹងថា «ជាថ្មីម្តងទៀត រចនាសម្ព័ន្ធថាមពល រងការកំណត់គោលដៅពីសត្រូវ»។ លោកបន្ថែមថា ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលរដ្ឋ Ukrenergo បានប្រកាសពី ការកាត់ផ្តាច់អគ្គិសនីភ្លាមៗ ក្រោយការវាយប្រហារ។ ចំណែកក្រុមហ៊ុនអគ្គិសនីឯកជន DTEK បានឱ្យដឹងថា ការដាច់ចរន្តអគ្គិសនីប៉ះពាល់ដល់រដ្ឋធានីកៀវ ទីក្រុង Odesa, Dnipropetrovsk និងតំបន់ Donetsk។

អភិបាលតំបន់ Rivne ភាគខាងលិច លោក Oleksandr Koval និយាយថា ការវាយប្រហារដោយមីស៉ីល នៅថ្ងៃព្រហស្បតិ៍នេះ ធ្វើឱ្យមនុស្សជាង២៨០,០០០នាក់ គ្មានអគ្គិសនីប្រើប្រាស់។ ក្រៅពីនេះ ក៏បានប៉ះពាល់ដល់ ការផ្គត់ផ្គង់ទឹកដែរ។ អភិបាលក្រុង Lutsk ភាគខាងលិច បានរាយការណ៍ពីការដាច់ចរន្តអគ្គិសនី ហើយថាសេវាកម្មនានា កំពុងដំណើរការ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទឹក និងកំដៅទៅនឹងប្រភពថាមពលជំនួស។

លោក Oleh Syniehubov អភិបាលតំបន់ Kharkiv និយាយថា ការវាយប្រហារដោយមីស៉ីលមកលើទីក្រុង ធ្វើឱ្យខូចខាតកន្លែងអាជីវកម្ម និងបង្អួចអគារលំនៅដ្ឋានមួយកន្លែង។ បើតាមអាជ្ញាធរក្នុងតំបន់ Sumy ភាគឦសាន ក៏មានការវាយប្រហារដោយមីស៉ីល មកលើតំបន់នេះដែរ។ រដ្ឋបាលយោធាក្រុងកៀវនិយាយថា កម្ទេចកម្ទីបានធ្លាក់លើ តំបន់អាជីវកម្មមួយ ធ្វើឱ្យខូចខាតតិចតួចដល់អគារជាច្រើន និងរថយន្តដឹកទំនិញមួយគ្រឿង។

គួរបញ្ជាក់ថា កន្លងមក រុស្ស៉ី ធ្លាប់ធ្វើការវាយប្រហារធំៗចំនួន ១០លើកលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ដែលបានរំខានដល់ការផ្គង់ផ្គង់ និងជំរុញឱ្យមានការភ័យខ្លាចថា ការដាច់ចរន្តអគ្គិសនីអាចនឹងមានរយៈពេលយូរ មុនពេលរដូវរងាចូលមកដល់៕