(ប៉េកាំង)៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ខណៈពេលដែលលោក Trump ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក បានប្រកាសពីការតែងតាំងរដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលជាមុខតំណែងចុងក្រោយ ក្នុងគណៈរដ្ឋមន្ត្រីនាពេលអនាគតរបស់ខ្លួន លោក Trump បានសម្រេចជាមូលដ្ឋាន នូវការបង្កើតគណៈរដ្ឋមន្រ្តី នៃរដ្ឋាភិបាលនាពេលអនាគត ហើយរដ្ឋាភិបាល Trump 2.0 ជិតនឹងមកដល់។ តើរដ្ឋាភិបាល Trump 2.0 នឹងនាំមកនូវការប្រែប្រួលអ្វីខ្លះដល់អាមេរិក? តើលោក Trumpនឹងបន្តគោលនយោបាយស្តីពី "អាមេរិកជាអាទិភាព" ក្នុងអាណត្តិដំបូងរបស់ខ្លួនឬទេ? តើគោលនយោបាយនេះ អាចដំណើរការដោយមានប្រសិទ្ធភាពបានទេ ប្រការទាំងនេះបានបណ្តាលឱ្យមាន ការព្រួយបារម្ភទាំងក្នុងនិងក្រៅប្រទេស។
នៅពេលធ្វើយុទ្ធនាការបោះឆ្នោត លោក Trump បានលើកឡើងនូវគោលដៅ នៃគោលនយោបាយសេដ្ឋកិច្ចសំខាន់ៗចំនួនបី៖ ពោលគឺកាត់បន្ថយពន្ធនិងដាក់កំហិតលើ ជនអន្តោប្រវេសន៍ក្នុងស្រុក និងដំឡើងពន្ធគយចំពោះបរទេស។ មានការវិភាគ បានលើកឡើងថា ប្រសិនបើផែនការសេដ្ឋកិច្ចរបស់លោក Trump ត្រូវបានអនុវត្តទាំងអស់នោះ វាមិនត្រឹមតែនឹងបង្កឱ្យមាន ឱនភាពទ្រង់ទ្រាយធំប៉ុណ្ណោះទេ ថែមទាំងនឹងធ្វើឱ្យទំនាស់រវាងការផ្គត់ផ្គង់ និងតម្រូវការរបស់អាមេរិកមាន ភាពកាន់តែខ្លាំងថែមមួយកម្រិតទៀតផង ដែរដែលបណ្តាលឱ្យអាមេរិកមានហានិភ័យ កើតមានអតិផរណាម្តងទៀត។
ក្នុងវិស័យសេដ្ឋកិច្ច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អតិផរណារបស់អាមេរិកនៅតែមានកម្រិតខ្ពស់ ហើយប្រជាពលរដ្ឋ មានទុទិដ្ឋិនិយមជាទូទៅចំពោះអនាគតសេដ្ឋកិច្ចរបស់អាមេរិក។ ដើម្បីរំញោចសេដ្ឋកិច្ចក្នុងស្រុក លោក Trumpបានគូសបញ្ជាក់ពី ការកាត់បន្ថយពន្ធដាររបស់សហគ្រាស ហើយកាត់បន្ថយអត្រាពន្ធលើប្រាក់ចំណូល របស់សហគ្រាសពី២១ភាគរយ នាពេលបច្ចុប្បន្នមកនៅត្រឹម ១៥ភាគរយ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ផែនការកាត់បន្ថយពន្ធដារនេះ ត្រូវបានគេចាត់ទុកថា នឹងធ្វើឱ្យវិសមភាពទ្រព្យសម្បត្តិ និងបញ្ហាឱនភាពហិរញ្ញវត្ថុ របស់អាមេរិកកាន់តែធ្ងន់ធ្ងរ។ យោងតាមទិន្នន័យរបស់ ការិយាល័យថវិការដ្ឋសភាអាមេរិកឱ្យដឹងថា សេចក្តីព្រាងច្បាប់បន្ធូរពន្ធនេះនឹង បណ្តាលឱ្យមានការខាតបង់ ១,៩ទ្រីលានដុល្លារអាមេរិក ក្នុងរយៈពេល១០ឆ្នាំខាងមុខ។
ក្នុងវិស័យគោលនយោបាយជនអន្តោប្រវេសន៍ លោក Trump បានសន្យាថា នឹងបង្រ្កាបការធ្វើអន្តោប្រវេសន៍ខុសច្បាប់ បណ្តេញជនអន្តោរប្រវេសន៍ខុសច្បាប់ ដោយទ្រង់ទ្រាយធំ ដែលមានរួចហើយនៅក្នុងអាមេរិក ព្រមទាំងដាក់កំហិតមួយចំនួន លើការចូលដែនអាមេរិកចំពោះ ជនអន្តោប្រវេសន៍ស្របច្បាប់។ អ្នកវិភាគខ្លះបានលើកឡើងថា ស្របពេលដែល អត្រាកំណើតរបស់ អាមេរិកបានធ្លាក់ចុះ ការកាត់បន្ថយជនអន្តោប្រវេសន៍និងការធ្វើមាតុភូមិនិវត្តន៍ ដោយបង្ខំនឹងក្លាយជាកត្តាសំខាន់ ដែលដាក់កំហិតលើសេដ្ឋកិច្ចអាមេរិក។ ប្រសិនបើកម្លាំងពលកម្មដែលកើតនៅបរទេសបានកាត់បន្ថយ វាប្រហែលនឹងបណ្តាល ឱ្យមានបញ្ហាប្រឈមផ្នែកផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ ដែលនឹងជំរុញឱ្យប្រាក់ខែនិងអតិផរណាកើនឡើងបន្ថែមទៀត។
ទាក់ទិននឹងការដំឡើងពន្ធគយបន្ថែមទៀតចំពោះបរទេស លោក Trump បានប្រកាសនៅក្នុង អំឡុងពេលយុទ្ធនាការបោះឆ្នោតថា លោកគ្រោងនឹងដំឡើងពន្ធគយពី ១០ភាគរយដល់ ២០ភាគរយលើទំនិញនាំចូលទាំងអស់ ហើយនិងប្រមូលពន្ធគយខ្ពស់ ៦០ភាគរយលើទំនិញនាំចូលពីប្រទេសចិន។ ដូចដែលយើងទាំងអស់គ្នាដឹងហើយថា នៅក្នុងអាណត្តិដំបូងលោក Trump បានទទូចលើ "អាមេរិកជាអាទិភាព និងផលប្រយោជន៍ជាអាទិភាព" "ដកខ្លួនចេញពីអង្គការអន្តរជាតិនិងផ្ដាច់ខ្លួនចេញពីសន្ធិសញ្ញា" ហើយដំឡើងពន្ធគយខ្ពស់លើទំនិញ របស់ប្រទេសចិន និងសហភាពអឺរ៉ុបជាដើម ដែលធ្លាប់បានបង្កឱ្យមានការតបតវិញយ៉ាងខ្លាំង ពីប្រទេសចិននិងសហភាពអឺរ៉ុប វិវាទផ្នែកពាណិជ្ជកម្មកាន់តែធ្ងរធ្ងន់ជាបន្តបន្ទាប់។ ប្រសិនបើលោក Trump បន្តទទូចចង់បន្ថែមពន្ធគយលើ ប្រទេសចិននិងអឺរ៉ុបក្នុងអំឡុងពេលអាណត្តិក្រោយ វាមុខជានឹងនាំមកនូវផលប៉ះពាល់ដល់ ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលប្រកបដោយសេរីភាពនិងភាពបើកទូលាយជាមិនខាន ហើយក៏នឹងបំផ្លាញផលប្រយោជន៍របស់អាមេរិកខ្លួនវិញផងដែរ។
ក្នុងដំណើរធ្វើសកលភាវូបនីយកម្មនិងសមាហរណកម្មសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន សកម្មភាពសេដ្ឋកិច្ចរវាងប្រទេស និងតំបន់នានានៅលើពិភពលោក មានភាពពឹងផ្អែកគ្នាទៅវិញទៅមក និងតភ្ជាប់គ្នាទៅវិញទៅមក។ មានតែកសាង សេដ្ឋកិច្ចពិភពលោកបែបបើកទូលាយនិងទទួលការអភិវឌ្ឍរួមគ្នា ទើបអាចដោះស្រាយភាពលំបាក ដែលសេដ្ឋកិច្ចអាមេរិកកំពុងប្រឈមមុខ។ ប្រសិនបើលោក Trump បន្តទទូចគោលនយោបាយ "អាមេរិកជាអាទិភាព" ហើយ "ដាក់សម្ពាធជាអតិបរមា" និង "ផ្តាច់ទំនាក់ទំនងនិងផ្តាច់ខ្សែសង្វាក់" ជាមួយប្រទេសចិន នោះវាមិនត្រឹមតែមិនអាច ស្រោចស្រង់សេដ្ឋកិច្ចអាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏នឹងនាំមកនូវផលវិបាកជាលក្ខណៈមហន្តរាយ ដល់សេដ្ឋកិច្ចពិភពលោកផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន