(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា រុស្ស៊ីអាចនឹងវាយប្រហារទៅលើ «មជ្ឈមណ្ឌលធ្វើសេចក្តីសម្រេចចិត្ត» នៅទីក្រុងគៀវ ជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែនទៅលើទឹកដីរុស្ស៊ី។ លោក ពូទីន បានបញ្ជាក់ថា រុស្ស៊ី កំពុងជ្រើសរើសគោលដៅនៅអ៊ុយក្រែន ដែលអាចរួមបញ្ចូលទាំងមជ្ឈមណ្ឌលសម្រេចចិត្ត នៅក្នុងរដ្ឋធានីអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការគំរាមកំហែងនេះ ធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនបានប្រើប្រាស់មីស៊ីល ATACMS ដែលផលិតដោយអាមេរិក ដើម្បីវាយប្រហារទៅលើទឹកដីរុស្ស៊ី ចំនួនពីរដង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ រុស្ស៊ី បានចាត់ទុកសកម្មភាពនេះ ជាការបង្កហេតុ និងបានសន្យាថានឹងចាត់វិធានការសងសឹក។

លោក ពូទីន បានប្រកាស ក្នុងកិច្ចប្រជុំកំពូលសន្តិសុខមួយនៅកាហ្សាក់ស្ថាន ថា «ជាការពិតណាស់ យើងនឹងឆ្លើយតបទៅនឹងការវាយប្រហារដែលកំពុងបន្តលើទឹកដីរុស្ស៊ី ជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយផលិតដោយលោកខាងលិច...នាពេលបច្ចុប្បន្ននេះ ក្រសួងការពារជាតិ និងអគ្គសេនាធិការកំពុងជ្រើសរើសគោលដៅវាយប្រហារលើទឹកដីអ៊ុយក្រែន។ ទាំងនេះអាចជាកន្លែងយោធា សហគ្រាសការពារជាតិ និងឧស្សាហកម្ម ឬមជ្ឈមណ្ឌលធ្វើសេចក្តីសម្រេចចិត្តនៅក្នុងទីក្រុងគៀវ»

លោក ពូទីន បានបន្ថែមថា រុស្ស៊ី កំពុងពង្រឹងសមត្ថភាពផលិតមីស៊ីល និងអាវុធផ្សេងទៀត ដើម្បីទប់ទល់នឹងការគំរាមកំហែងពីលោកខាងលិច។ លោកបានអះអាងថា ការផលិតមីស៊ីលរបស់រុស្ស៊ី ច្រើនលើសពីសម្ព័ន្ធមិត្តយោធាណាតូរហូតដល់ទៅ ១០ដង៕