(វ៉ាស៊ីនតោន)៖ ចិននៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជីនពីង បានចាយលុយរាប់ពាន់លានដុល្លារ ដើម្បីសម្រេចមហិច្ឆតារបស់លោកក្នុងការប្រែក្លាយ យោធាចិនទៅជាកងទ័ពដ៏ទំនើបមួយ នៅឆ្នាំ២០២៧។ ព្រមពេលជាមួយគ្នា រដ្ឋាភិបាលរបស់លោកក៏បានដាក់ចេញយុទ្ធនាការបោសសម្អាតអំពើពុករលួយផងដែរ​ នៅក្នុងចំណោមជួរថ្នាក់ដឹកនាំកំពូលៗនៃកងទ័ពរំដោះប្រជាជនចិន PLA ជាការឆ្លើយតបទៅនឹងអ្វីដែលចារកម្មអាមេរិកជឿជាក់ថាអំពើពុករលួយស៊ីរូងផ្ទៃក្នុង ដែលបាន និងកំពុងបំផ្លាញមហិច្ឆតារបស់លោក ស៊ី ជីនពីង។ កង្វល់ដ៏ធំបំផុតសម្រាប់ទីក្រុងប៉េកាំង នោះគឺអំពើពុករលួយ បានបំផ្លាញគុណភាពអាវុធ និងសមត្ថភាពរបស់ អង្គភាពយោធាចិន តួយ៉ាងដូចជាកងកម្លាំងរ៉ុក្កែតចិនតែម្ដង (Rocket Force) ដែលមានតួនាទីគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិន ហើយអាចនឹងដើរតួនាទី យ៉ាងសំខាន់ ក្នុងករណីចិនប្រើកម្លាំងយោធាវាយយកតៃវ៉ាន់ នៅថ្ងៃណាមួយ។

* ដូច្នេះតើនរណាខ្លះត្រូវបានបោសសម្អាត?
ខុសប្លែកពីផ្នែកដទៃទៀតនៃប្រព័ន្ធរបស់ចិន យោធាចិនមិនបានប្រកាសពីការស៊ើបអង្កេតរបស់ខ្លួន ក្នុងការបង្រ្កាបអំពើពុករលួយនោះទេ។ ម្លោះហើយ វាធ្វើឱ្យគេពិបាក ក្នុងការកំណត់ពីវិសាលភាពនៃការបោសសម្អាតមន្ត្រីពុករលួយ។ ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២៣ ដល់ដើមឆ្នាំ២០២៤ រដ្ឋាភិបាលចិនបានបណ្ដេញមន្ត្រីយោធា ជាន់ខ្ពស់យ៉ាងទាន់ហន់យ៉ាងហោច ១៦រូប ចេញពីតំណែង ក្នុងនោះរួមមានទាំងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Li Shangfu និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Wei Fenghe។ មិនតែប៉ុណ្ណោះ ទាំងលោក Li និងលោក Wei ត្រូវបានបណ្ដេញចេញពីគណបក្សកម្មុយនិស្ដចិនទៀតផងកាលពីខែមិថុនាកន្លងទៅ ក្រោមបទចោទពុករលួយ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅពេលនោះ អតីតរដ្ឋមន្ត្រីការពារជាតិទាំង២រូបនេះបានទទួលសំណូក បរាជ័យក្នុងការធ្វើកិច្ចសហការជាមួយក្រុមអ្នកស៊ើបអង្កេត និងបង្កើតគំរូអាក្រក់។

ក្នុងចំណោមមន្ត្រីដែលត្រូវបានបណ្ដេញចេញពីតំណែង មានយ៉ាងហោច ៥នាក់ជាប់ពាក់ព័ន្ធនឹងកងកម្លាំងរ៉ុក្កែតសម្ងាត់ដែលលោក ស៊ី ជីនពីង បង្កើតឡើងក្នុងឆ្នាំ២០១៥ និង២នាក់ មកពីនាយកដ្ឋានសព្វាវុធដែលទទួលបន្ទុកបំពាក់អាវុធឱ្យយោធាចិន។ ឥលូវ នេះបើតាមសេចក្ដីរាយការណ៍របស់កាសែតអង់គ្លេស Financial Times កាលពី ថ្ងៃទី២៧ ខែវិច្ឆិកា ចិនក៏កំពុងបើកការស៊ើបអង្កេតលើរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនសព្វថ្ងៃ គឺលោក Dong Jun ផងដែរ។ ។ Financial Times ដោយផ្អែកលើប្រភព ទទួលបានពីអតីត និងមន្ត្រីអាមេរិកបច្ចុប្បន្នដែលបានដឹងពីការស៊ើបអង្កេត បានឱ្យដឹងថាជាអតីតមេបញ្ជាការកងទ័ពជើងទឹកចិន និងត្រូវបានតែងតាំងជា រដ្ឋមន្ត្រីការពារជាតិ កាលពីខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីលោក Li Shangfu ត្រូវបានដកចេញពីតំណែង ក្រោយកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិបានត្រឹម៧ខែ លោក Dong Jun កំពុងប្រឈមមុខនឹងការស៊ើបអង្កេតក្រោមក្របខណ្ឌនៃការស៊ើបអង្កេតយ៉ាងទូលំទូលាយមួយលើសំណុំរឿងពុករលួយ។

ក៏ប៉ុន្តែ នៅថ្ងៃទី២៨ ខែវិចិ្ឆកា អ្នកនាំពាក្យក្រសួងការពារជាតិចិន បានចា្រនចោលការចុះផ្សាយព័ត៌មាននេះ ដោយចាត់ទុកថាជារឿងប្រឌិតសុទ្ធសាធ។ តំណែងជា រដ្ឋមន្ត្រីការពារជាតិ មានភារកិច្ចចម្បងក្នុងការដឹកនាំការទូតផ្នែកយោធាជាមួយបណ្ដាប្រទេសដទៃ ដោយមិនមែនមានតួនាទីបញ្ជាដោយផ្ទាល់លើកងកម្លាំងប្រដាប់អាវុធ របស់ជាតិនោះទេ។

*​ តើនរណាជាអ្នកដឹកនាំការបោសសម្អាតអំពើពុករលួយ?
ការស៊ើបអង្កេតលើអំពើពុករលួយកំពុងត្រូវបានដឹកនាំដោយក្រុមការងារប្រឆាំងអំពើពុករលួយនៃគណៈកម្មការយោធាមជ្ឈិមចិន។ ក្រុមការងារនេះមានភារៈស៊ើបអង្កេត និងធ្វើរបាយការណ៍ដាក់ជូនគណៈកម្មការយោធាមជ្ឈិមចិន ហៅកាត់ថា CMC ដែលមានលោក ស៊ី ជីនពីងផ្ទាល់ជាប្រធាន និងជាស្ថាប័នសម្រេចចិត្តលើកិច្ចការគ្រប់យ៉ាង របស់អង្គភាពយោធាចិនទាំងឡាយ។ ក្រៅពីលោក ស៊ី ជីនពីង នៅមានអនុប្រធាន ២នាក់ ដែលកាន់តំណែងជាមេដឹកនាំយោធានៃ CMC រីឯសមាជិក៣នាក់ទៀត ទទួល បន្ទុកខាងនយោបាយ និងវិន័យ។ CMC មានភារៈទទួលបន្ទុកលើកិច្ចការរដ្ឋបាល និងមុខងារនៃកងកម្លាំងប្រដាប់អាវុធ ក្នុងនោះរួមមានផែនការយុទ្ធសាស្ត្រ សវនកម្ម និងការអប់រំនយោបាយ។

* អ្វីទៅជាកងកម្លាំងរ៉ុក្កែត ហើយតើអង្គភាពនេះកំពុងជួបបញ្ហាអ្វី?
កងកម្លាំងរ៉ុក្កែត ឬ Rocket Force ត្រូវបានលោក ស៊ី ជីនពីងបង្កើតឡើងក្នុងឆ្នាំ២០១៥ ហើយមានភារកិច្ចទទួលខុសត្រូវលើឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិន។ នៅក្នុង ឆ្នាំ២០២៤នេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបាននិយាយថាចិនកំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ ក្នុងល្បឿនលឿនជាងការរំពឹងទុកកន្លងមក ជាមួយគោលដៅ បង្កើនការផលិតក្បាលគ្រាប់នុយក្លេអ៊ែរពី៥០០គ្រាប់ក្នុងពេលបច្ចុប្បន្ន ឱ្យដល់១០០០គ្រាប់ នៅឆ្នាំ២០៣០ បើធៀបជាមួយអាមេរិកដែលមានជាង ៣៧៥០គ្រាប់។

កងកម្លាំងរ៉ុក្កែតចិន ក៏ទទួលខុសត្រូវលើឃ្លាំងមីស៊ីលបំពាក់ក្បាលគ្រាប់ធម្មតាផងដែរ។ ក្រុមអ្នកវិភាគជឿថាប្រសិនបើលោក ស៊ី ជីនពីង សម្រេចចិត្តប្រើកម្លាំងយោធាលើ តៃវ៉ាន់ កងកម្លាំងរ៉ុក្កែតត្រូវបានរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំការវាយប្រហារតាមផ្លូវអាកាស។ កងកម្លាំងរ៉ុក្កែតធ្លាប់បានដឹកនាំការធ្វើតេស្ដបាញ់ មីស៊ីលបាលិស្ទីគ ១១គ្រាប់ ក្នុងនោះមានមីស៊ីលមួយចំនួនហោះរំលងកោះតៃវ៉ាន់ អំឡុងការធ្វើសមយុទ្ធយោធាជាការឆ្លើយតបទៅនឹងដំណើរទស្សនិច្ចរបស់អតីតប្រធាន រដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិ កាលពីខែសីហា ឆ្នាំ២០២៣។ ប៉ុន្តែ ដោយសារតែអំពើពុករលួយនៅក្នុងជួរកងកម្លាំងរ៉ុក្កែត និងនៅក្នុង ឧស្សាហកម្មផលិតអាវុធ បានធ្វើឱ្យក្រុមមន្ត្រីអាមេរិកជឿថាលោក ស៊ី ជីនពីង កំពុងមានការស្ទាក់ស្ទើរច្រើនក្នុងការសម្រេចចិត្តប្រើកម្លាំងយោធាទ្រង់ទ្រាយធំលើតៃវ៉ាន់ ក្នុងពេលដ៏ខ្លី ឬនៅប៉ុន្មានឆ្នាំខាងមុខ។

* អ្វីទៅជាមហិច្ឆតាយោធារបស់លោក ស៊ី ជីនពីង?
លោក ស៊ី ជីនពីង បានសន្យាថានឹងប្រែក្លាយកងទ័ពរំដោះប្រជាជនចិន PLA ទៅជាយោធាលំដាប់ពិភពលោកនៅឆ្នាំ២០៤៩។ ដោយមានកងទ័ពសកម្មជាង ២.១លាននាក់ ចិនជាប្រទេសដែលមានកងទ័ពច្រើនជាងគេបំផុតនៅលើពិភពលោក ហើយក៏ជាប្រទេសដែលមានកងទ័ពជើងទឹកធំជាងគេបំផុតនៅលើពិភពលោកផងដែរ ជាមួយនាវាចម្បាំង ជាង៤០០គ្រឿង និងយន្ដហោះយោធា ៣១០០គ្រឿង ក្នុងនាមជាកងទ័ពអាកាសធំជាងគេលំដាប់ទី៣។ ថ្មីៗនេះ ចិនបានបញ្ចេញយន្ដហោះចម្បាំងស៊េរីចុងក្រោយ J-35 ដែល ត្រូវបានចាត់ទុកថាជាគូប្រជែងរបស់យន្ដហោះចម្បាំងអាមេរិក F-35។ ក៏ប៉ុន្តែ អំពើពុករលួយបានបង្កជាក្ដីកង្វល់យ៉ាងធំសម្រាប់ចិន រួមទាំងលោក ស៊ី ជីនពីង អំពីផលប៉ះពាល់ ដល់គុណភាពអាវុធ និងសមត្ថភាពរបស់កងទ័ពដែលរដ្ឋបានចំណាយលុយអស់រាប់ពាន់លានដុល្លារដើម្បីធ្វើទំនើបកម្ម។

ម្យ៉ាងវិញទៀត ខណៈមានភាពរីកចម្រើនយ៉ាងលឿនរហ័ស ក្នុងការផលិតអាវុធគ្រប់ប្រភេទ ចាប់ពីនាវាផ្ទុកយន្ដហោះចម្បាំង រហូតដល់មីស៊ីលល្បឿនលឿនជាងសំឡេង សមត្ថភាពរបស់ចិនដើម្បីប្រែក្លាយភាពរីកចម្រើនទាំងនេះឱ្យទៅជាប្រតិបត្តិការប្រយុទ្ធប្រកបដោយប្រសិទ្ធភាព នៅតែជាក្ដីកង្វល់សម្រាប់ថ្នាក់ដឹកនាំចិន ជាពិសេស ប្រសិនបើកងទ័ពចិន ដែលមិនសូវមានបទសោធន៍លើសមរភូមិសង្រ្គាមសម័យទំនើប ត្រូវប្រយុទ្ធក្នុងសង្រ្គាមមួយដែលមានរយៈពេលវែង៕