(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា បាននិយាយថាអ៉ីស្រាអែលនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីរារាំង កុំឱ្យអ៉ីរ៉ង់ផលិត ឬកាន់កាប់អាវុធនុយក្លេអ៊ែរ បន្ទាប់ពីប្រមុខការទូតអ៉ីរ៉ង់ ព្រមានថាទីក្រុងតេហេរ៉ង់អាចនឹងលុបចោលបម្រាមរបស់ខ្លួនលើការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ប្រសិនបើ ទណ្ឌកម្មសេដ្ឋកិច្ចលោកខាងលិចត្រូវបានអនុវត្តឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

សង្រ្គាមពាក្យសម្ដីរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ កើតមានឡើងចំពេលអ៉ីរ៉ង់កំពុងត្រៀមរៀបចំកិច្ចចរចានុយក្លេអ៊ែរជាមួយចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់នៅថ្ងៃសុក្រសប្ដាហ៍នេះ។ លោក Netanyahu នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍អ៉ីស្រាអែល Channel 14 បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរារាំងកុំឱ្យអ៉ីរ៉ង់ក្លាយជាមហាអំណាច នុយក្លេអ៊ែរ ហើយខ្ញុំនឹងប្រើប្រាស់ធនធានទាំងអស់ដែលអាចប្រើប្រាស់បាន»

គួរបញ្ជាក់ថា អ៉ីស្រាអែលគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់មជ្ឈិមបូព៌ាដែលត្រូវបានគេជឿថាមានអាវុធនុយក្លេអ៊ែរ បើទោះជាអ៉ីស្រាអែលខ្លួនឯងមិនបានទទួលស្គាល់ ឬប្រកែក ក៏ដោយ៕