(អាស្តាណា)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា បានកោតសរសើរប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ ថាជាអ្នកនយោបាយ វៃឆ្លាត និងប៉ិនប្រសប់ ប៉ុន្តែបាននិយាយថាលោកមិនជឿឡើយថាលោក ត្រាំ កំពុងមានសុវត្ថិភាព ក្រោយរួចផុតពីការប៉ុនប៉ងធ្វើឃាតនាពេលកន្លងមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងប្រទេសកាហ្សាក់ស្ថាន ក្រោយកិច្ចប្រជុំមួយ លោក ពូទីន បាននិយាយថា លោកផ្ទាល់មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះការប្រព្រឹត្តទៅនៃយុទ្ធនាការ ឃោសនាបោះឆ្នោតអាមេរិក ដោយសារតែវិធីសាស្ត្រព្រៃផ្សៃដែលត្រូវបានប្រើប្រឆាំងនឹងលោក ត្រាំ ក្នុងនោះរួមមានទាំងការប៉ងធ្វើឃាតលើសពីមួយលើក។
លោក ពូទីន បានបន្ថែមថា «តាមការយល់ឃើញរបស់ខ្ញុំ គាត់ (លោក ត្រាំ) ក្នុងពេលនេះមិនមានសុវត្ថិភាពឡើយ។ ជាអកុសល នៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក មានឧបទ្ទវហេតុជាច្រើនបានកើតឡើង។ ខ្ញុំគិតថាគាត់ (លោក ត្រាំ) ជាមនុស្សឆ្លាត ហើយសង្ឃឹមថាគាត់នឹងប្រុងប្រយ័ត្ន និងយល់ពីរឿងនេះ»។
គួរបញ្ជាក់ថា លោក ត្រាំ បានរងរបួសស្រាលនៅក្នុងការប៉ុនប៉ងធ្វើឃាតមិនបានសម្រេចមួយ អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតក្នុងរដ្ឋ Pennsylvania កាលពីខែកក្កដាកន្លងទៅ ហើយកាលពីខែកញ្ញា បុរសម្នាក់ក៏ត្រូវបានចោទប្រកាន់ផងដែរពីបទប៉ុនប៉ងធ្វើឃាតលោក ត្រាំ៕