(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា លោកសង្ឃឹមថាប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ នឹងគិតឡើងវិញអំពីផែនការដាក់ពន្ធ លើប្រទេសម៉ិកស៉ិក ក៏ដូចជាកាណាដា ព្រោះវាអាចធ្វើឱ្យទំនាក់ទំនងអាមេរិក ជាមួយសម្ព័ន្ធមិត្តទាំងពីរល្អក់កករ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។
លោក បៃដិន បានប្រាប់អ្នកសារព័ត៌មាននៅឯកោះ Nantucket រដ្ឋ Massachusetts ដូច្នេះថា «ខ្ញុំសង្ឃឹមថាគាត់ (លោក ត្រាំ) នឹងគិតឡើងវិញ។ ខ្ញុំគិតថាវាជារឿងដែលប៉ះពាល់។ សហរដ្ឋអាមេរិកត្រូវបានហ៊ុំព័ទ្ធដោយមហាសមុទ្រប៉ាស៉ីហ្វិក មហាសមុទ្រអាត្លង់ទិក និងសម្ព័ន្ធមិត្តទាំងពីរគឺម៉ិកស៉ិក និងកាណាដា។ ហើយរឿងចុងក្រោយដែលបម្រុងនឹងធ្វើ អាចនាំឱ្យល្អក់កករក្នុងទំនាក់ទំនង»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍ លោក ត្រាំ និយាយថា លោកនឹងដាក់ពន្ធលើម៉ិកស៉ិក និងកាណាដា រហូតទាល់តែពួកគេទប់ស្កាត់បាននូវបញ្ហាគ្រឿងញៀន និងជនចំណាកស្រុកឆ្លងកាត់ព្រំដែន ខណៈចំណាត់ការនេះ ហាក់ដូចជាបំពានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិក-ម៉ិកស៉ិក-កាណាដា៕