(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីយប់ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា បាននិយាយជាលើកដំបូងថារូបលោកនឹងយល់ព្រមកាត់ទឹកដីឱ្យរុស្ស៉ី ដើម្បីបិទបញ្ចប់សង្រ្គាម ប្រសិនបើទឹកដីដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ទទួលបានការធានាសន្តិសុខ និងស្ថិតនៅក្រោមឆត្រការពាររបស់ NATO។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Bloomberg។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អង់គ្លេស Sky News លោក ហ្សេលេនស្គី បានបញ្ជាក់ទៀតថាអ៊ុយក្រែនអាចនឹងបោះបង់ចោលទឹកដីរបស់ខ្លួនជាបណ្ដោះអាសន្ន ជាថ្នូរនឹងការទទួលបានការធានាសន្តិសុខពី NATO ចំពោះទឹកដីដែលអ៊ុយក្រែនកំពុងគ្រប់គ្រង។ លោកបន្ថែមថានៅបន្ទាប់ពីបទឈប់បាញ់មួយត្រូវបានឯកភាព ទីក្រុងកៀវអាចនឹងដឹកនាំកិច្ចចរចាតាមផ្លូវការទូត ដើម្បីស្នើឱ្យមានការប្រគល់ត្រឡប់មកវិញនូវទឹកដីនៅក្នុងតំបន់ភាគខាងកើតដែលសព្វថ្ងៃកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ី។
«ប្រសិនបើយើងចង់បញ្ឈប់ដំណាក់កាលក្ដៅនៃសង្រ្គាម យើងគួរតែឱ្យទឹកដីរបស់អ៊ុយក្រែនដែលយើងកំពុងគ្រប់គ្រងស្ថិតនៅក្រោមឆត្ររបស់ NATO»។ នេះជាការគូសបញ្ជាក់ របស់លោក ហ្សេលេនស្គី នៅក្នុងបទសម្ភាសន៍ជាមួយ Sky News ជាមួយការបន្ថែមថា «នេះជាអ្វីដែលយើងត្រូវធ្វើឱ្យបានលឿនបំផុត ហើយក្រោយមកទៀត អ៊ុយក្រែន អាចយកផ្នែកផ្សេងទៀតនៃទឹកដីរបស់ខ្លួន ត្រឡប់មកវិញតាមផ្លូវការទូត»។
គួរបញ្ជាក់ថា នេះគឺជាលើកដំបូងបំផុត ក្នុងពេលជិត៣ឆ្នាំនៃសង្រ្គាមអ៊ុយក្រែន ដែលលោក ហ្សេលេនស្គីនិយាយថានឹងព្រមកាត់ទឹកដីឱ្យរុស្ស៉ី ខណៈកន្លងមក លោកតែងតែអះអាងជារឿយៗថាអ៊ុយក្រែននឹងបន្តតស៊ូប្រយុទ្ធ រហូតទាល់តែអាចដណ្ដើមបានទឹកដីរបស់ខ្លួនដែលអន្តរជាតិទទួលស្គាល់ពីរុស្ស៉ីមកវិញ ក្នុងនោះរួមមានទាំងតំបន់គ្រីមៀ ដែលរុស្ស៉ី បានក្រសោបយកផងដែរ។
ការផ្លាស់ប្ដូរនេះដែរកើតមានឡើង ចំពោះមុខការវិលត្រឡប់មកវិញរបស់លោក ដូណាល់ ត្រាំ ដែលនឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ លោក ត្រាំ បានសន្យាថានឹងបញ្ចប់សង្រ្គាមអ៊ុយក្រែន ដោយប្រើពេលតែមួយថ្ងៃប៉ុណ្ណោះ រីឯការគំាទ្រឱ្យមានកិច្ចព្រមព្រៀងសន្តិភាពកំពុងរីកធំឡើងនៅក្នុងចំណោមសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន នៅក្នុងតំបន់អឺរ៉ុប។ លោក ត្រាំ មិនបានបង្ហើបលម្អិតពីផែនការបញ្ចប់សង្រ្គាមរបស់លោកទេ តែមានសេចក្ដីរាយការណ៍ថាក្រោមផែនការនៃក្រុមការងាររបស់លោក ត្រាំ ក្នុងនោះរួមមានការបញ្ចប់សង្រ្គាមដោយកំណត់យកខ្សែបន្ទាត់ព្រំដែននៃសមរភូមិសព្វថ្ងៃ និងការបញ្ឈប់មហិច្ឆតាចង់ក្លាយជាសមាជិក NATO ព្រមទាំងការបង្កើត «តំបន់ទ្រនាប់មួយ» រវាងកងទ័ពរុស្ស៉ី និងអ៊ុយក្រែន។
បើតាមលោក ហ្សេលេនស្គី «ឆត្ររបស់ NATO» គឺមិនមែនមានន័យថាអ៊ុយក្រែនក្លាយជាសមាជិកពេញសិទ្ធិរបស់ NATO នោះទេ ប៉ុន្តែសមាជិក NATO ដូចជាចក្រភពអង់គ្លេស សហរដ្ឋអាមេរិក បារាំង និងអាលឺ្លម៉ង់ ត្រូវផ្ដល់ការធានាសន្តិសុខរៀងៗខ្លួនសម្រាប់អ៊ុយក្រែន៕