(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីបេឡារុស លោក Alexander Lukashenko គ្រោងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិសុខដ៏សំខាន់មួយ នៅថ្ងៃសុក្រនេះ ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរ ភូមិសាស្ត្រនយោបាយពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ ២០២៤។
កិច្ចព្រមព្រៀងមួយ នឹងស្ថិតក្នុងចំណោមឯកសារដ៏ទៃទៀត ដែលមេដឹកនាំទាំងពីរត្រូវចុះហត្ថលេខា នៅក្នុងរដ្ឋធានី Minsk របស់បេឡារុស ចំថ្ងៃខួប ២៥ឆ្នាំនៃអតីតសហភាពសូវៀត។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីបានដកស្រង់សម្តី លោក Igor Nazaruk អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ីដែលនិយាយថា «យើងកំពុងប្រមូលផ្តុំប្រធានបទ ដូចជាវិស័យសាធារណៈ សន្តិសុខសេដ្ឋកិច្ច និយាយរួមគឺអំពីការធានាស្ថិរភាព ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើង»។ លោកបន្ថែមថា «កិច្ចព្រមព្រៀងនោះ ត្រូវបានបង្កើតឡើងដោយពិចារណា ទៅលើលក្ខខណ្ឌខាងក្រៅដែលបានផ្លាស់ប្តូរ នៅពេលដែលពិភពលោក កំពុងឈានទៅកាន់សណ្តាប់ធ្នាប់ពហុនិយម នោះទើបតម្រូវឱ្យមានកិច្ចព្រមព្រៀងសន្តិសុខ រុស្ស៉ី-បេឡារុស»។
គួរបញ្ជាក់ថា មិនមានការលម្អិតអំពីកិច្ចព្រមព្រៀង ដែលគ្រោងចុះហត្ថលេខា នៅពេលខាងមុខនេះឡើយ។ ក្រោមការដឹកនាំរបស់ លោក Lukashenko បេឡារុសធ្លាប់អនុញ្ញាតឱ្យរុស្ស៉ី ប្រើប្រាស់ទឹកដីរបស់ខ្លួនធ្វើជាទីតាំង វាយប្រហារចូលអ៊ុយក្រែន នៅដើមទីនៃសង្រ្គាមឈ្លានពាន កាលពីខែកុម្ភៈ ឆ្នាំ ២០២២៕