(កាត់ម៉ាន់ឌូ)៖ ក្រសួងការបរទេសនេប៉ាល់ បានប្រកាសឱ្យដឹងថា នៅថ្ងៃពុធនេះប្រទេសនេប៉ាល់ និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ ស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ ២០២៤។

ក្រសួងការបរទេសនេប៉ាល់បានប្រកាស នៅលើបណ្តាញសង្គម X ថា «ប្រទេសនេប៉ាល់ និងចិន បានចុះហត្ថលេខាលើក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវនៅថ្ងៃនេះ»

ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងកំឡុងពេលដែល នាយករដ្ឋមន្រ្តីនេប៉ាល់ លោក K.P. Sharma Oli បាន និងកំពុងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ចំនួន ៤ថ្ងៃ ចាប់តាំងពីថ្ងៃចន្ទមក។ ក្រសួងការបរទេសនេប៉ាល់ បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងជួយឱ្យប្រទេសទាំងពីរអាចបន្តទៅមុខ ជាមួយនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការកែលម្អផ្លូវថ្នល់ និងច្រករបៀងដឹកជញ្ជូន។

ទោះជាយ៉ាងណា ក៏មានការព្រួយបារម្ភអំពីបញ្ហាបំណុល ដែលអាចកើតមានពីគម្រោងទាំងនេះ។ គណបក្ស Nepali Congress ដែលជាគណបក្សប្រឆាំង បានប្រឆាំងនឹងគម្រោងណាមួយដែលផ្តល់មូលនិធិដោយប្រាក់កម្ចី។

គួរបញ្ជាក់ថា ប្រទេសនេប៉ាល់ និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូង ស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) កាលពីឆ្នាំ ២០១៧។ ប៉ុន្តែ គម្រោងនេះមិនទទួលបានវឌ្ឍនភាពអ្វីឡើយ ក្នុងរយៈពេល ៧ឆ្នាំកន្លងមកនេះ ដោយសារបញ្ហាមួយចំនួន ដូចជា ការខ្វះខាតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ និងការមិនឯកភាពគ្នា ក្នុងចំណោមគណបក្សនយោបាយនៅនេប៉ាល់៕