(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវឱ្យរដ្ឋាភិបាល និងធនាគារកណ្តាល សហការគ្នាដើម្បីទប់ស្កាត់អតិផរណាខ្ពស់ នៅក្នុងប្រទេស។ លោកបានសង្កត់ធ្ងន់ថា ការបង្កើនការផ្គត់ផ្គង់ទំនិញ និងសេវាកម្ម ឱ្យស្របតាមតម្រូវការ គឺជាមធ្យោបាយដ៏សំខាន់ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងសន្និសីទវិនិយោគអន្តរជាតិ ដែលរៀបចំដោយធនាគារ VTB កាលពីថ្ងៃពុធ។ ទេសាភិបាលធនាគារកណ្តាលរុស្ស៊ី លោកស្រី Elvira Nabiullina បានបញ្ជាក់ថា អតិផរណាប្រចាំឆ្នាំ នៅតែស្ថិតក្នុងកម្រិតខ្ពស់ គឺជិត ៩%។ លោកស្រី បានព្យាករណ៍ថា អតិផរណានឹងធ្លាក់ចុះបន្តិចនៅឆ្នាំ ២០២៥ ខាងមុខ មុនពេលឈានដល់គោលដៅ ៤% នៅឆ្នាំ ២០២៦។

លោក ពូទីន បានប្រាប់សន្និសីទ ដូច្នេះថា «វាក៏ចាំបាច់ផងដែរក្នុងការទប់ស្កាត់អតិផរណាដែលបច្ចុប្បន្នស្ថិតក្នុងកម្រិតខ្ពស់មធ្យម... ដើម្បីសម្រេចបាននូវលទ្ធផលវិជ្ជមាន សកម្មភាពរួមដែលសម្របសម្រួលដោយរដ្ឋាភិបាល និងធនាគារនៃប្រទេសរុស្ស៊ីគឺចាំបាច់។ ខ្ញុំសូមសង្កត់ធ្ងន់ថា នេះមិនមែនជាការអំពាវនាវ ឬបំណងមួយទេ ប៉ុន្តែវាជាការអំពាវនាវដោយផ្ទាល់ឱ្យធ្វើសកម្មភាព»។

លោក ពូទីន បានបញ្ជាក់ថា ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល និងធនាគារកណ្តាល គឺមានសារៈសំខាន់ ដើម្បីទប់ស្កាត់អតិផរណា និងស្ថិរភាពសេដ្ឋកិច្ច។ លោក បានអំពាវនាវឱ្យភាគីទាំងពីរចាត់វិធានការចាំបាច់ដើម្បីដោះស្រាយបញ្ហានេះ និងជំរុញកំណើនសេដ្ឋកិច្ច៕