(សេអ៊ូល)៖ មេដឹកនាំគណបក្សកាន់អំណាចនៅកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូនេះថាលោកផ្ទាល់បានស្នើសុំឱ្យលោកប្រធានាធិបតី Yoon Suk Yeol ចាកចេញពីគណបក្ស បើទោះជា លោក និងបក្សទាំងមូលសន្យាថានឹងបោះឆ្នោតប្រឆាំងការដំណើរការនីតិវិធីដកតំណែងលោក Yoon ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Han Dong-hoon ជាមេដឹកនាំគណបក្សអំណាចប្រជាជនដែលជាបក្សកាន់អំណាចសព្វថ្ងៃនៅកូរ៉េខាងត្បូង បានប្រាប់អ្នកសារព័ត៌មានទៀតថាលោកបានស្នើឱ្យលោកប្រធានាធិបតីដើរចេញពីគណបក្ស ហើយថាគណបក្សរបស់លោកមិនមានកំពុងព្យាយាមការពារការប្រកាសដាក់ច្បាប់អាជ្ញាសឹកផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញរបស់លោក Yoon នោះទេ។

គួរបញ្ជាក់ថា សភារបស់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូនេះ បានដាក់ចេញហើយនូវសំណើដើម្បីដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងប្រធានាធិបតី លោក Yoon Suk Yeol ជុំវិញការប៉ុនប៉ង ដាក់ច្បាប់អាជ្ញាសឹកបរាជ័យ។ ប៉ុន្តែគណបក្សកាន់អំណាចរបស់លោកបានសន្យាថានឹងបោះឆ្នោតប្រឆាំងដែលធ្វើឱ្យនីតិវិធីនេះស្ថិតនៅក្នុងភាពសង្ស័យ។ សព្វថ្ងៃ គណបក្សប្រជាធិបតេយ្យដែលជា បក្សប្រឆាំងធំបំផុតនៅកូរ៉េខាងត្បូង និងគណបក្សប្រឆាំងជាដៃគូតូចៗផ្សេងទៀត មានសំឡេង ១៩២អាសនៈនៅក្នុងសភា ខណៈគណបក្សអំណាចប្រជាជនរបស់លោក Yoonមាន១០៨អាសនៈ។

ដើម្បីអាចទម្លាក់លោក Yoon ពីតំណែងគណបក្សប្រឆាំងត្រូវប្រមូលឱ្យបានសំឡេងគាំទ្រ២ ភាគ៣ ឬពីសមាជិកសភា ២០០រូប៕