(ឡុងដ៍)៖ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញផ្សាយរបាយការណ៍មួយ នៅថ្ងៃព្រហស្បតិ៍នេះ ដោយចោទប្រកាន់អ៊ីស្រាអែល ពីបទប្រល័យពូជសាសន៍ ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សាក្នុងអំឡុងសង្រ្គាមកាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤។

របាយការណ៍នេះ បានចោទប្រកាន់ថា អ៊ីស្រាអែលបានប្រព្រឹត្តអំពើដែលមានគោលបំណងបំផ្លាញ ឬកម្ចាត់ចោលប្រជាជនប៉ាឡេស្ទីន ដែលជាឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិ។

អ៊ីស្រាអែល បានច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថា ខ្លួនគ្រាន់តែការពារខ្លួន ប្រឆាំងនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែល បានហៅរបាយការណ៍នេះថា «ប្រឌិត» និង «ផ្អែកលើការភូតកុហក»។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែល លោក Oren Marmorstein បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម X ថា «អង្គការលើកលែងទោសអន្តរជាតិដ៏គួរឱ្យស្អប់ខ្ពើម និងនិយមជ្រុល បានបង្កើតរបាយការណ៍ប្រឌិតម្តងទៀត ដែលជារឿងមិនពិតទាំងស្រុង និងផ្អែកលើការភូតកុហក»។

គួរបញ្ជាក់ថា របាយការណ៍នេះ ធ្វើឡើងបន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួន នាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងមន្ត្រីផ្សេងទៀត ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នៅក្នុងជម្លោះហ្គាហ្សា។ ការចោទប្រកាន់ទាំងនេះ បានបង្កើនភាពតានតឹង រវាងអ៊ីស្រាអែល និងសហគមន៍អន្តរជាតិ៕