(ប៉ារីស)៖ ការិយាល័យប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា សេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប (EU) និងប្លុក Mercosur របស់អាមេរិកខាងត្បូង គឺ «មិនអាចទទួលយកបានទេ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការប្រឆាំងនេះ ធ្វើឡើងដោយសារការព្រួយបារម្ភ អំពីផលប៉ះពាល់ ដល់វិស័យកសិកម្មបារាំង ពីការនាំចូលផលិតផលកសិកម្មថោកៗ ពីប្រទេសនៅអាមេរិកខាងត្បូង។
វិមាន Elysee បានចេញសេចក្តីថ្លែងការណ៍នេះ ខណៈដែលប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen កំពុងទស្សនកិច្ចនៅអាមេរិកខាងត្បូង ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ។ ប្លុក Mercosur រួមមាន ប្រទេសអាហ្សង់ទីន ប្រេស៊ីល ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ។
ការិយាល័យរបស់លោក Macron បានប្រកាស នៅលើបណ្តាញសង្គម X ថា «ប្រទេសបារាំងមិនអាចទទួលយកកិច្ចព្រមព្រៀងនេះ ក្នុងស្ថានភាពបច្ចុប្បន្នរបស់ខ្លួនបានទេ»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដែលគាំទ្រដោយប្រទេសភាគច្រើននៅអាមេរិកខាងត្បូង និងជំរុញយ៉ាងខ្លាំងដោយប្រទេសអាល្លឺម៉ង់ និងអេស្បាញក្នុងសហភាពអឺរ៉ុប បានជួបការប្រឆាំងយ៉ាងតឹងរ៉ឹងពីទីក្រុងប៉ារីស ដោយសារការភ័យខ្លាចថាការនាំចូលកសិកម្មថោកនឹងធ្វើឱ្យប៉ះពាល់ដល់វិស័យកសិកម្មរបស់ប្រទេសបារាំង៕